កម្ពុជា-កូរ៉េ គ្រោងដំឡើងវារីអគ្គិសនីខ្នាតតូច ឬ ប្រព័ន្ធសូឡានៅទំនប់អាងទឹក ក្នុងខេត្តគោលដៅចំនួន៩
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងវិស័យថាមពលកកើតឡើងវិញរបស់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមបានរួមសហការជាមួយសាជីវកម្មធនធានទឹកកូរ៉េ (K-water) និង Chilbo ដើម្បីសិក្សាពីលទ្ធភាពក្នុងការដំឡើងប្រព័ន្ធវារីអគ្គិសនីខ្នាតតូច និងថាមពលពន្លឺព្រះអាទិត្យនៅលើទំនប់អាងស្តុកទឹកនៅតាមបណ្ដាខេត្តគោលដៅចំនួនប្រាំបួន។
នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពបឋមខាងលើនេះ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ភាគីកូរ៉េបានធ្វើការជ្រើសរើសទីតាំងទំនប់អាងទឹកចំនួន ១៦កន្លែងដូចជា អាងទឹកអន្លង់ជ្រៃ អាងទឹកតាសាល ទំនប់អាងស្តុកទឹកលេខ៣និងលេខ៥ ទំនប់ដូនទ្រី ទំនប់សាលាតាអន ទំនប់អាងទឹកកំពីងពួយ ទំនប់អាងទឹកកន្សែង អាងទឹកត្រពាំងថ្ម អាងទឹកចុងកាល អាងទឹកស្រីស្នំ ទំនប់អាងទឹកម្កាក់ និងបានជ្រើសរើសយកអាងទឹកចំនួនពីរ ដើម្បីសិក្សាលម្អិត ដែលមានសក្តានុពលថាមពល ពី ៤ ដល់ ៨ មេហ្គាវ៉ាត់គឺ អាងទឹករក្សា ក្នុងខេត្តព្រះវិហារ និងអាងទឹកដូនទ្រីក្នុងខេត្តបាត់ដំបង។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យទីប្រឹក្សាកូរ៉េសិក្សាជម្រើសបច្ចេកទេសថ្មីៗ និងដាក់បញ្ចូលទំនប់អាងទឹកចំនួនពីរទៀតតាមសំណូមពរប្រធានមន្ទីរធនធានទឹក និងឧតុនិយមខត្តកំពង់ធំ គឺទំនប់អាងទឹកដងកាំបិត និងទំនប់កំពង់គោ ដើម្បីសិក្សាបន្ថែម ដោយឡែកទំនប់អាងទឹកដែលមានសក្តានុពលទាប សូមពិនិត្យលើលទ្ធភាពក្នុងការដំឡើងប្រព័ន្ធសូឡាជំនួសវិញ។
គួរបញ្ជាក់ថា ការសិក្សាសមិទ្ធិលទ្ធភាពនេះធ្វើឡើងដោយសាជីវកម្មធនធានទឹកកូរ៉េ(K-water) និង ក្រុមហ៊ុន Chilbo សម្រាប់ដំឡើងវារីអគ្គិសនីខ្នាតតូច និងប្រព័ន្ធសូឡានៅលើទំនប់អាងទឹកមានស្រាប់ ក្នុងខេត្តគោលដៅចំនួន ៩ ដែលរួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ និងខេត្តកំពង់ស្ពឺ។
គំនិតផ្តួចផ្តើមនេះជាជំហានដ៏សំខាន់មួយសម្រាប់កម្ពុជាឆ្ពោះទៅរកការទទួលយកថាមពលប្រកបដោយនិរន្តរភាព ធានាការផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបាន និងការលើកកម្ពស់ការអភិរក្សបរិស្ថាន។
នៅពេលដែលប្រទេសកម្ពុជាបន្តជំរុញឆ្ពោះទៅរកដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព ភាពជាដៃគូជាមួយកូរ៉េនេះអាចត្រួសត្រាយផ្លូវសម្រាប់អនាគតពណ៌បៃតង ដោយធានានូវការផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបាន ខណៈពេលដែលរួមចំណែកដល់ការអភិរក្សបរិស្ថាន។


- Video Advertisement -