ជប៉ុនប្រកាសសង់រោងចក្រអគ្គិសនីជីវម៉ាសកម្លាំង ៥០MW នៅកំពង់ស្ពឺ ក្នុងខែមិថុនា ២០២៥
ក្រុមហ៊ុន erex Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគជប៉ុនដ៏លេចធ្លោមួយបានប្រកាសពីគម្រោងសាងសង់រោងចក្រថាមពលជីវម៉ាស់ ៥០MW នៅខេត្តកំពង់ស្ពឺ ដោយគ្រោងនឹងចាប់ផ្តើមសាងសង់នៅខែមិថុនា ឆ្នាំ ២០២៥ នេះ។ គម្រោងដ៏មានមហិច្ឆតានេះមានគោលបំណងជំរុញការផ្គត់ផ្គង់ថាមពលក្នុងតំបន់ និងរួមចំណែកដល់ការផ្គត់ផ្គង់អគ្គិសនីដែលមានតម្លៃសមរម្យសម្រាប់ខេត្តកំពង់ស្ពឺ និងតំបន់ជិតខាង។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុនខាងលើនេះ ក៏កំពុងសង់រោងចក្រអគ្គិសនីសូឡាដែលមានកម្លាំង ៤០MW នៅខេត្តពោធិ៍សាត់ ដោយគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ផងដែរ។ នេះបើតាមជំនួបរវាង ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន និងជាទីប្រឹក្សានាយករដ្ឋមន្រ្តី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការអភិវឌ្ឍន៍ថាមពល។
លោក HITOSHI HONNA ម្ចាស់ក្រុមហ៊ុន និងលោក TOMOKI KAKUTA អ្នកគ្រប់គ្រងក្រុមហ៊ុន erex បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីសូឡាកម្លាំង ៤០MW នៅខេត្តពោធិសាត់ នឹងត្រូវបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើការនៅឆ្នាំ២០២៦ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០២៤។
លោកបានបន្ថែមថា គម្រោងសង់រោងចក្រអគ្គិសនីបាយអូម៉ាស់ ( Biomass) កម្លាំង ៥០MW នៅខេត្តកំពង់ស្ពឺនេះ ត្រូវការរយៈពេល ២ឆ្នាំក្នុងការសាងសង់ ហើយបើគ្មានការផ្លាស់ប្តូរទេ គម្រោងនេះ នឹងចាប់ផ្តើមសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ហើយនឹងអាចដាក់ឱ្យដំណើការបាននៅឆ្នាំ២០២៧ ដែលរួមចំណែកក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងតម្លៃធូរថ្លៃបន្ថែមទៀតដល់ខេត្តទាំងពីរ និងបណ្ដាខេត្តជាប់គ្នា នាពេលអនាគត។
ទន្ទឹមនឹងនេះដែរ លោកបានបង្ហាញនូវគោលបំណងចង់ពង្រីករោងចក្រអគ្គិសនី តាមបណ្តាខេត្តមួយចំនួនទៀត ដែលដើរដោយថាមពល Biomass ពីការប្រើប្រាស់អង្កាម ចំបើង សំបកឈើ ឬកាកសំណល់ផ្សេងៗ ដោយបានស្នើសុំស្ថានទូត ជួយសម្របសម្រួលផ្តល់ព័ត៌មានទីតាំង និងនីតិវិធីផ្សេងៗ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងការគាំទ្រ និងវាយតម្លៃពីសារៈសំខាន់នៃគម្រោងទំាងពីរខាងលើរបស់ក្រុមហ៊ុន erex និងគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីករោងចក្រអគ្គិសនី Biomass នៅបណ្តាខេត្តមួយចំនួនទៀត។
ឯកឧត្តម បានបញ្ជាក់នូវគោលជំហរក្នុងការសម្របសម្រួលជូនក្រុមហ៊ុន ឱ្យបានជួបពិភាក្សាលម្អិតបន្ថែមទៀត ជាមួយមន្រ្តីជំនាញនៃក្រសួងរ៉ែ និងថាមពល នៅក្នុងខែឧសភា ខាងមុខនេះ ដើម្បីឱ្យដំណើរការរៀបចំរបស់ក្រុមហ៊ុន បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
ទាក់ទងនឹងកាកសំណល់ជីវម៉ាសនេះដែរ កន្លងទៅ ក៏មានក្រុមហ៊ុននៅកម្ពុជា ខេមបូឌា រ៉ៃ ប្រេងអូលីវ ខមផេនី លីមីតធីត បាននឹងកំពុងវិនិយោគ ៦លានដុល្លារ ស្ថិតក្នុងខេត្តបាត់ដំបង បង្កើតរោងចក្រចម្រាញ់ប្រេងឆៅចេញពីកន្ទក់ងអង្ករផ្កាម្លិះកម្ពុជា ដែលអាចចម្រាញ់ប្រេងឆាបានប្រមាណជាង ១០តោន ដោយប្រើប្រាស់កន្ទក់ឆៅប្រមាណពី ៥០ ទៅ ១០០តោន។ (អានបន្ថែម)
ការអភិវឌ្ឍន៍ទាំងនេះបង្ហាញពីអនាគតដ៏មានសក្តានុពលសម្រាប់វិស័យថាមពល និងកសិកម្មរបស់កម្ពុជា ដោយគូសបញ្ជាក់ពីកិច្ចសហការ និងការវិនិយោគអន្តរជាតិជាកត្តាជំរុញកំណើនដ៏សំខាន់។


- Video Advertisement -