ប្រព័ន្ធចម្រោះទឹកកខ្វក់តម្លៃ $៩០លាន លើផ្ទៃដី ៣០ហិកតា នៅក្រុងតាខ្មៅ ចាប់ផ្តើមសាងសង់ហើយ!
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ទំហំ ៣០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នេះហើយ។ គម្រោងនេះផ្តួចផ្ដើមឡើងក្រោម ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េខាងត្បូង ចំនួន ៩០លានដុល្លារ។
ពិធិបើកការដ្ឋាននេះត្រូវបានប្រារព្វឡើងក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់និរន្តរភាពបរិស្ថាន និងសុខភាពសាធារណៈនៅក្នុងតំបន់។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅនេះ នឹងត្រូវ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសហអាជីវកម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ដែលមានតម្លៃក្នុងកិច្ចសន្យាសរុបប្រមាណជាង ៩០លានដុល្លារ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ និងគ្រោងបញ្ចប់ការសាងសង់នៅក្នុង ឆ្នាំ២០២៧។
គម្រោងនេះ ត្រូវបែងចែកជា២ផ្នែក៖
១. ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ រួមមានការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០ហិកតា ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ចំនួន ១២ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់គ្រប់ប្រភេទ ប្រវែងសរុប ១២៥,៣ គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់សេវាចំនួន ០៦សង្កាត់ រួមមានសង្កាត់កំពង់សំណាញ់ សង្កាត់ដើមមៀន សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដី ប្រមាណ ៩៧៤ហិកតា ក្នុងក្រុងតាខ្មៅ។
២. ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ រួមមាន ការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកភ្លៀង ០២កន្លែង ព្រមទាំង បណ្តាញលូរំដោះទឹកភ្លៀងមួយចំនួនទៀតក្នុងក្រុងតាខ្មៅ។
នៅពេលដំណើរការសាងសង់នេះរួចរាល់ ប្រព័ន្ធចម្រោះទឹកកខ្វក់នេះ ត្រូវបានគេរំពឹងថានឹងជួយលើកកំពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងឃុំទាំងប្រាំមួយ ដែលនឹងធ្វើអោយប្រសើរឡើងនូវអនាម័យបរិស្ថាន និងកាត់បន្ថយកង្វល់ពីគ្រោះទឹកជំនន់ក្នុងរដូវវស្សា។
គម្រោងដ៏មហិមានេះមិនត្រឹមតែគូសបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូងក្នុងការជំរុញអនាគតដ៏ភ្លឺស្វាង និងសុខភាពល្អសម្រាប់ទាំងអស់គ្នាផងដែរ។


- Video Advertisement -