៤ខែនេះ កម្ពុជាទទួលបានវិនិយោគថ្មីចំនួន ២៣១គម្រោង, ទុនសរុប $៣,៤ពាន់លាន កើន៣៤%
ត្រឹមរយៈពេល ៤ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣១គម្រោង ក្រោមទុនវិនិយោគប្រមាណ ៣,៤ពាន់លានដុល្លារ។ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ កើនឡើង ១០៣គម្រោង ស្មើនឹងប្រមាណ ៨០% ខណៈទុនវិនិយោគក៏បានកើតឡើងប្រមាណជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤% ផងដែរ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។
ក្នុងប្រភពដដែលបានបង្ហាញទៀតថា សម្រាប់ខែមេសាតែមួយ មានគម្រោងវិនិយោគចំនួន
៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨៦០លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងទាំងនេះ ត្រូវបានគេរំពឹងថា នឹងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។
គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង៥៩នេះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៧គម្រោង។
បើធៀបនឹងឆ្នាំ២០២៤ ក្នុងខែដដែលនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៧គម្រោង ស្មើនឹងប្រមាណ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង ៥៥០លានដុល្លារ ស្មើនឹងប្រមាណ ១៧៨%។
ជាការកត់សម្គាល់ ឃើញថាវិស័យឧស្សាហកម្មបាននាំមុខគេក្នុងការស្រូបទាញទុនវិនិយោគបានរហូតដល់ ៧៦៧លានដុល្លារ តាមពីក្រោយដោយវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ៧៣លានដុល្លារ និងវិស័យទេសចរណ៍មានចំនួន ២០លានដុល្លារ។
បើក្រឡេកមើលលំហូរវិនិយោគពីបរទេស ប្រទេសចិននៅតែអាចរក្សាតំណែងរបស់ខ្លួនឈរលើលំដាប់ទី១ដដែល គឺ ៥៨,៥១% នៃទុនវិនិយោគសរុបនៅកម្ពុជា។
ចំពោះខេត្តដែលជាគោលដៅសម្រាប់គម្រោងវិនិយោគទាំងនេះ រួមមាន៖ ស្វាយរៀង(១៥), កំពង់ស្ពឺ(១៤), ភ្នំពេញ(៧), ព្រះសីហនុ(៧), តាកែវ(៧), កោះកុង(៥), កណ្ដាល(២), ត្បូងឃ្មុំ(១) និង ស្ទឹងត្រែង(១)។
ការកើនឡើងនៃការវិនិយោគនេះ មិនត្រឹមតែបង្ហាញពីសក្ដានុពលរបស់កម្ពុជាជាសេដ្ឋកិច្ចដែលកំពុងរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសន្យាថានឹងបង្កើតការងារ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏រុងរឿង។
- Video Advertisement -