បច្ចុប្បន្ន ទំនប់ដូនទ្រី នៅបាត់ដំបង សង់បាន៩៧%, គ្រោងបញ្ចប់ក្នុងខែតុលា ២០២៥
គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួលបានការគាំទ្រដោយហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ សម្រេចបាន៩៧% ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែតុលា ឆ្នាំ២០២៥នេះ ។
នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងក្រោមការដឹកនាំរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។
ខាងក្រោមនេះ គឺជាការងារសំខាន់ៗរបស់គម្រោង៖
ទី១)សំណង់ទំនប់មេប្រវែង ៦៥៤ម៉ែត្រ ទី២)សំណង់បង្ហៀរប្រវែង ៤១៤ម៉ែត្រ ទី៣)រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ ទី៤)សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ ទី៥)ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ និងទី៦)សំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។
បើតាមផែនការ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះ ត្រូវការរយៈពេល ៩០ខែ ដើម្បីសាងសង់ ដោយបានចាប់ផ្ដើមបើកការដ្ឋានតាំងពីខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីបច្ចេកទេសសំណង់ប្រកបដោយភាពច្នៃប្រឌិត ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។
នៅពេលសាងសង់រួចរាល់ ទំនប់នេះនឹងមានសមត្ថភាពស្តុកទឹកប្រមាណ ១៦៣,១ លានម៉ែត្រគូប។ សមត្ថភាពនេះត្រូវបានគេរំពឹងថានឹងអាចស្រោចស្រពលើផ្ទៃដីកសិកម្មប្រមាណ ៣៣.០០០ហិកតា នៅរដូវវស្សា និង ៤.៥០០ហិកតាបន្ថែមទៀតនៅរដូវប្រាំង។ ការអភិវឌ្ឍន៍នេះសន្យាថានឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំចំនួន ១១ ទូទាំងស្រុកមោងឬស្សី និងស្រុករុក្ខគិរី ក្នុងខេត្តបាត់ដំបង ក៏ដូចជាស្រុកបាកាន ក្នុងខេត្តពោធិ៍សាត់ផងដែរ។
លើសពីអត្ថប្រយោជន៍កសិកម្ម ទំនប់ដូនទ្រី ត្រូវបានរចនាឡើងដើម្បីផ្តល់ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់សហគមន៍នៅតាមមូលដ្ឋាន និងកាត់បន្ថយភាពងាយរងគ្រោះដោយសារទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោមបានថែមទៀតផង។



- Video Advertisement -