អាម៉េរិក កំពុងសិក្សាពីលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងសង់ព្រលានតេជោថ្មី ដែលជិតបើកដំណើរការក្នុងកក្កដាខាងមុខនេះ
រដ្ឋាភិបាលអាម៉េរិក បានប្រកាសថាខ្លួនកំពុងសិក្សាវាយតម្លៃពីលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលគ្រោងនឹងដាក់ឱ្យដំណើរការដំណាក់កាលទី១ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៥។
ប្រភពដដែលបន្តថា ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ(DFC) ដែលចំណុះក្រោមក្រសួងការបរទេសអាម៉េរិក ដែលបានបង្កើតឡើងដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អំឡុងអាណត្តិទី១របស់លោក ដើម្បីផ្ដល់ហរិញ្ញប្បទានដល់គម្រោងវិនិយោគជននានា បានបញ្ចេញរបាយការណ៍វាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន និងសង្គម (ESAI) នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។
ទោះជាយ៉ាងណា របាយការណ៍វាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន និងសង្គមនេះ មិនបានបញ្ជាក់អំពីទំហំហិរញ្ញប្បទាន និងលក្ខខណ្ឌនៃការផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោនៅឡើយនោះទេ។
បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានឱ្យដឹងថា ជុំវិញរឿងនេះនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថា តើជំនួយដែលគ្រោងនឹងផ្តល់នេះ សម្រាប់ចំណាយលើការសាងសង់ក្នុងដំណាក់កាលទី២ និងទី៣ របស់ព្រលានយន្តហោះ ឬយ៉ាងណានោះទេ។ ឯកឧត្តមបន្តថា ការពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានរបស់អាមេរិកនាពេលនេះ គឺជាហិរញ្ញប្បទានឯកជនជាមួយក្រុមហ៊ុន OCIC ដែលមានភាគហ៊ុនក្នុងការសាងសង់ព្រលានយន្តហោះថ្មីរបស់កម្ពុជា ហើយតម្រូវឱ្យក្រុមហ៊ុនខ្មែរដាក់ឯកសារផ្សេងៗដើម្បីត្រួតពិនិត្យឡើងវិញក្នុងការទទួលជំនួយហិរញ្ញប្បទាន។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមជាមួយវិទ្យុបារាំងអន្តរជាតិ RFI។
គួររំលឹកថា បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ គ្រោងនឹងបើកដំណើរការជាផ្លូវការនូវដំណាក់កាលទី១ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ ព្រលានយន្តហោះនេះ មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រស្ថិតប៉ែកខាងត្បូងរាជធានីភ្នំពេញស្ថិតលើទំហំផ្ទៃដី ២៦០០ហិកតា គឺជាការវិនិយោគរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC៕ (អានបន្ថែម)
- Video Advertisement -