រដ្ឋប្រកាសបើកឱ្យប្រើប្រាស់អគារបុរាណអាយុជាង១០០ឆ្នាំ នៅសៀមរាប ដើម្បីបម្រើឱ្យវិស័យទេសចរណ៍

អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសបើកឱ្យប្រើប្រាស់អគារបុរាណដែលមានអាយុកាលជាង ១០០ឆ្នាំ ឡើងវិញ ដើម្បីបម្រើឱ្យវិស័យ​ទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អគារដែលមានអាយុកាលជាង ១០០ឆ្នាំនេះ មានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន ហើយអគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំង មានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ។

ឯកឧត្តមបន្ត ដោយអគារនេះ មានលក្ខណៈតូចមិនអាចពង្រីកបាន ព្រោះខ្លាចប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំ ទើបអ្នកគ្រប់គ្រងពេលនោះ បានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មីដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទល់មុខវត្តព្រះឥន្ទកោសីយរហូតដល់សព្វថ្ងៃវិញ។

ឯកឧត្តមបញ្ជាក់ដូច្នេះ៖«ការប្រើប្រាស់អគារអភិរក្សទី១ឡើងវិញ គឺចង់ឱ្យកូនខ្មែរជំនាន់ក្រោយ និងភ្ញៀវទេសចរទាំងឡាយ បានយល់ដឹងពីប្រវត្តិសាស្ត្រ និងដំណើរនៃការជួសជុលអង្គរ កាលពីសម័យមុន តើប្រព្រឹត្តទៅយ៉ាងណា? ហើយតើគេប្រើប្រាស់ឧបករណ៍អ្វីខ្លះ? និងប្រើប្រាស់បច្ចេកទេសបែបណា?។ ម៉្យាងទៀត អគារនេះត្រូវបានរៀបចំជាកន្លែងប្រគល់ទទួល សម្រាប់តម្កល់សម្ភារ ឬរបស់របរផ្សេងៗដែលភ្ញៀវទេសចរជ្រុះ ឬភ្លេចនៅតាមប្រាសាទ»

គួរបញ្ជាក់ថា កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិត ២លាន​នាក់​ក្នុង​ត្រីមាស​ទី១ នៃឆ្នាំ២០២៥ ពោលគឺ​មាន​ការ​កើន​ឡើង ១៦% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៤។ ការកើនឡើងនេះត្រូវបានលើកឡើងដោយ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំ ជំរុញយុទ្ធនាការទេសចរណ៍សម្រាប់រដូវបៃតង ដែលធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង