អ្នកវិនិយោគមកពី ៤០ក្រុមហ៊ុន កំពុងសម្លឹងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យថាមពល និង…
សហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន ដែលមានប្រមាណ ៤០ក្រុមហ៊ុន បានមកជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា។
នេះបើយោងតាមជំនួបពាណិជ្ជកម្មរវាងភាគីទាំងពីរ ដែលដឹកនាំដោយអ្នកឧកញ៉ា បណ្ឌិត វិញ ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយលោក Ji Lin ប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន និងគណៈប្រតិភូ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបពាណិជ្ជកម្មរវាង សភាពាណិជ្ជកម្មកម្ពុជា និងសហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន គឺបានពិភាក្សាគ្នាអំពីឱកាសវិនិយោគទៅលើវិស័យ ថាមពល សំណង់ រោងចក្រ អចលនទ្រព្យ និងវិស័យដឹកជញ្ជូន។ ជាលទ្ធផលតាមរយៈជំនួបពិភាក្សានេះ ភាគីទាំងពីរ ក៏បានឯកភាពចាប់យកឱកាសក្នុងការវិនិយោគរួមគ្នាផងដែរ។
គួររំលឹកថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣១គម្រោង ក្រោមទុនវិនិយោគប្រមាណ ៣,៤ពាន់លានដុល្លារ។ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ កើនឡើង ១០៣គម្រោង ស្មើនឹងប្រមាណ ៨០% ខណៈទុនវិនិយោគក៏បានកើតឡើងប្រមាណជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤% ផងដែរ។ (អានបន្ថែម)
ក្រោយមក ក្នុងខែឧសភានេះ ឃើញថាមានអ្នកវិនិយោគមួយក្រុមទៀត ទើបបានដាក់សំណើរសុំចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង មានដើមទុនសរុបចំនួន ៣១៨លានដុល្លារ ពេលនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់លើសំណើទាំងនេះ ដែលជាសញ្ញានៃការជំរុញសក្តានុពលដល់ទិដ្ឋភាពឧស្សាហកម្មរបស់ប្រទេសជាតិ។(អានបន្ថែម)
ដោយសារកម្ពុជាដាក់ខ្លួនជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគពីបរទេស ការចូលរួមនាពេលថ្មីៗនេះជាមួយក្រុមហ៊ុនចិនបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសនេះក្នុងការជំរុញភាពជាដៃគូអន្តរជាតិ និងជំរុញឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច។ ជាមួយនឹងការវិនិយោគជាយុទ្ធសាស្រ្តទាំងនេះ កម្ពុជាត្រូវបានកំណត់ដើម្បីបង្កើនទិដ្ឋភាពឧស្សាហកម្មរបស់ខ្លួន និងបង្កើតឱកាសថ្មីៗសម្រាប់កំណើន និងការអភិវឌ្ឍន៍។
- Video Advertisement -