ក្រសួងដែនដីនឹងចុះបញ្ជីដីតំបន់៣ ក្នុងខេត្តទាំង៦ជំុំវិញបឹងទន្លេសាប ជាទ្រព្យសម្បត្តិរបស់រដ្ឋ
រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីពិភាក្សាពីគម្រោងចុះបញ្ជីដីតំបន់៣ នៃដែនព្រៃលិចទឹកនៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាបជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនាពេលខាងមុខនេះ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប ព្រមទាំងមានការចូលរួមពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប។តាមរយៈកិច្ចប្រជុំខាងលើ បានឱ្យដឹងថា តំបន់ជុំវិញបឹងទន្លេសាបគ្របដណ្តប់ក្នុងខេត្តចំនួន៦ រួមមានខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ដែលត្រូវបានបែងចែកជាបីតំបន់ ក្នុងនោះតំបន់១ ជាតំបន់លំនៅដ្ឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋ ដែលទទួលបានកម្មសិទ្ធិស្របច្បាប់ ហើយតំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ ជាតំបន់ប្រជាពលរដ្ឋធ្វើស្រែឡើងទឹក និងប្រដេញទឹក និង តំបន់៣ ជាតំបន់ដែនព្រៃលិចទឹក ហាមឃាត់ដាច់ខាត។
ក្រោយពីពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ ឃើញថា បច្ចុប្បន្នតំបន់ទាំងបីនៅជុំវិញបឹងទន្លេសាបមានទំហំផ្ទៃដីដូចតទៅ៖ តំបន់១មានទំហំ ៤៣៦.៨៧៩,១១ហិកតា, តំបន់២មានទំហំ ៤១៣.៤៨៨,០៨ហិកតា និងតំបន់៣មានទំហំ ៥៦១.៦៣៤,៦០ហិកតា។
ក្នុងនោះការងារសង់បង្គោលព្រំតំបន់៣ គិតមកត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ សម្រេចបាន ១០០% នៃបង្គោលសរុបចំនួន ១២២៤បង្គោល និងជំហ៊ានបន្ទាប់គឺឈានទៅបោះបង្គោលតំបន់២។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទស និងការសាងសង់បង្គោលព្រំតំបន់៣ នៃតំបន់បឹងទន្លេសាប កាលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤៕ (អានបន្ថែម)
វិធីសាស្រ្តសកម្មនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការធ្វើឱ្យមានតុល្យភាពនៃការអភិវឌ្ឍន៍ជាមួយនឹងការគ្រប់គ្រងបរិស្ថាន ខណៈដែលពួកគេធ្វើការឆ្ពោះទៅរកការគ្រប់គ្រងដីធ្លីប្រកបដោយការទទួលខុសត្រូវនៅក្នុងតំបន់អេកូឡូស៊ីដ៏សំខាន់បំផុតមួយរបស់កម្ពុជា។
- Video Advertisement -