ក្រុមហ៊ុន Aurelius Healthcare ចង់ពង្រីកការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា
Aurelius Healthcare ជាក្រុហ៊ុនជំនាញក្នុងវិស័យសុខាភិបាល មានបំណងចង់ពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត តាមរយៈការវិនិយោគលើសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់។ បំណងនេះត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយលោក Dato’ Amir Firdaus Abdullah ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Aurelius Healthcare នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
នាឱកាសនោះ តំណាងក្រុមហ៊ុន Aurelius Healthcare បានលើកឡើងថា ក្រុមហ៊ុនមានចក្ខុវិស័យពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត តាមរយៈការវិនិយោគលើសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ទេរជំនាញ, បទពិសោធន៍ និងការវិនិយោគលើមូលធនមនុស្សនៅតាមមន្ទីរពេទ្យនានានៅកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានលើកឡើងថា រដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញ និងពង្រឹងមូលដ្ឋានសុខាភិបាល នៅថ្នាក់មូលដ្ឋានតាមរយៈការកសាង និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាព, មន្ទីរពេទ្យបង្អែក និងការបង្កើតមន្ទីរពេទ្យតំបន់ចំនួនពីរ គឺនៅខេត្តសៀមរាប និងខេត្តកំពង់ចាមជាដើម។
ហេតុនេះ សម្តេច បានស្វាគមន៍ក្រុមហ៊ុនចំពោះការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ខណៈការចាប់អារម្មណ៍វិនិយោគលើវិស័យសុខាភិបាលរបស់ក្រុមហ៊ុន គឺស្របទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពង្រឹងកិច្ចសហការជាមួយដៃគូនៅកម្ពុជា សំដៅដល់ការរួមចំណែកផ្តល់សេវាសុខភាព និងព្យាបាលជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ។
សូមជម្រាបថា ក្រុមហ៊ុន Aurelius Healthcare គឺមានប្រតិបត្តិការអាជីវកម្មរួមមាន៖ ការបើកមន្ទីរពេទ្យធំៗនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានជាច្រើន រួមមានដូចជា៖ ម៉ាឡេស៊ី, វៀតណាម និងថៃ ជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុនក៏បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន STSK Investment Group នៅកម្ពុជាផងដែរ៕
- Video Advertisement -