វិទ្យាស្ថានERIA គ្រោងរៀបចំតំបន់សេដ្ឋកិច្ចពិសេសគំរូនៅកម្ពុជា ដោយផ្តោតតាមប្រភេទឧស្សាហកម្ម
វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) បានសន្យាថា នឹងបន្តសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសគំរូនៅកម្ពុជា សម្រាប់បម្រើដល់ការវិនិយោគជាក់លាក់ តាមប្រភេទឧស្សាហកម្មនៅកម្ពុជា។
នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក WATANABE Tetsuya ប្រធានវិទ្យាស្ថាន(ERIA) នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
នាឱកាសនោះ លោកប្រធានវិទ្យាស្ថាន ERIA ជម្រាបជូនសម្ដេចពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZs) សម្រាប់បម្រើដល់ការវិនិយោគជាក់លាក់ តាមប្រភេទឧស្សាហកម្ម ឬ ប្រទេស ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ និងតម្រូវការជាក់ស្ដែងក្នុងការបង្កើតគំរូតំបន់សេដ្ឋកិច្ចពិសេសនេះកាន់តែប្រសើរ។
ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន ERIA ក្នុងការសិក្សាសមិទ្ធិលទ្ធភាពនេះ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់វិទ្យាស្ថាន ERIA បន្តភ្ជាប់ទំនាក់ទំនង ក៏ដូចជាពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលម្អិតបន្ថែមទៀតអំពីដំណើរការនៃការរៀបចំអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះឱ្យបានរលូន។
គួរថា តាមរយៈជំនួបខាងលើនេះដែរ វិទ្យាស្ថាន ERIA ក៏ប្តេជ្ញាជំរុញការវិនិយោគជប៉ុននៅកម្ពុជា ឱ្យកាន់តែកើនឡើងថែមមួយកម្រិតទៀតផងដែរ។
គួររំលឹកថា កន្លងទៅថ្មីៗនេះ វិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) ក៏បានបង្ហាញផែនការចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទក្នុងប្រទេសកម្ពុជាផងដែរ។ (អានបន្ថែម)
ជាមួយនឹងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ពី ERIA និង JDI កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនភាពទាក់ទាញរបស់ខ្លួនក្នុងនាមជាទិសដៅសម្រាប់អ្នកវិនិយោគអន្តរជាតិ ជំរុញបរិយាកាសសេដ្ឋកិច្ចដ៏រឹងមាំ និងចម្រុះ។
- Video Advertisement -