កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាបន្តប្រតិបិត្តការ និងគ្រប់គ្រងហានិភ័យទឹកជំនន់នៅទំនប់អាងស្ទឹងសង្កែ
នៅក្នុងវិធានការដ៏សំខាន់មួយដើម្បីបង្កើនប្រសិទ្ធិភាពលើការគ្រប់គ្រងហានិភ័យទឹកជំនន់ កម្ពុជា និងជប៉ុនបានសន្យាថានឹងធ្វើការរួមគ្នាលើប្រតិបត្តិការ និងការគ្រប់គ្រងទំនប់ទឹក និងសំណង់ស្ទាក់ទឹកនៅតាមដងស្ទឹងសង្កែ។ ការប្តេជ្ញាចិត្តនេះធ្វើឡើងបន្ទាប់ពីការពិភាក្សាប្រកបដោយផលិតភាពដែលបានធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ រវាងឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹករបស់កម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន។
ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ទទួលបន្ទុកសម្របសម្រួលការងារប្រតិបត្តិការទំនប់អាងទឹក បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺដើម្បីស្វែងរកកិច្ចសហការរួមគ្នាលើការងារប្រតិបត្តិការទំនប់ និងសំណង់ស្ទាក់ទឹកនៅតាមដងស្ទឹងសង្កែ និងការគ្រប់គ្រងហានិភ័យទឹកជំនន់ក្នុងអាងស្ទឹងសង្កែ។ លទ្ធផលនៃកិច្ចពិភាក្សាលើការងារសំខាន់ៗ រួមមាន៖ ទី១.ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការងារផ្សេងទៀតដែលមានសក្តានុពលជាមួយក្រសួង និងទី២.ចែករំលែក និងផ្ទេរចំណេះដឹងពីជប៉ុនស្តីពីប្រតិបត្តិការទំនប់ ការព្យាករទឹកជំនន់ និងការផលិតផែនទីហានិភ័យទឹកជំនន់ដល់មន្ត្រីជំនាញបច្ចេកទេសជាន់ខ្ពស់ក្រសួងជាដើម។
បន្ថែមពីនេះ ឯកឧត្តមក៏បញ្ជាក់ថា ក្រសួងធនធានទឹក នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារគម្រោងរបស់ប្រទេសជប៉ុនលើការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ជាពិសេសគាំទ្រចំពោះការចូលរួមចំណែកលើការងារប្រតិបត្តិការទំនប់ និងសំណង់ស្ទាក់ទឹកនៅតាមដងស្ទឹងសង្កែ និងលើកកម្ពស់ការគ្រប់គ្រងហានិភ័យទឹកជំនន់ក្នុងអាងស្ទឹងសង្កែឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។
គួររំលឹកថា ពាក់ព័ន្ធនឹងវិស័យធនធានទឹកនេះដែរ កន្លងមកជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ក៏បានផ្តល់ហិរញ្ញប្បទានគាំទ្រដល់គម្រោងកែលម្អនិងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ ខណៈបច្ចុប្បន្នសម្រេចបាន ៥០% ហើយ។ (អានបន្ថែម)
ភាពជាដៃគូនេះតំណាងឱ្យជំហានដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងការគ្រប់គ្រងទឹក និងការកែលម្អភាពធន់របស់សហគមន៍ដែលងាយរងគ្រោះដោយសារទឹកជំនន់៕
- Video Advertisement -