ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាជំរុញការតភ្ជាប់ផ្លូវហោះហើរត្រង់ជាមួយកម្ពុជាបន្ថែមទៀត
ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានប្តេជ្ញាជួយជំរុញការតភ្ជាប់ផ្លូវហោះហើរជាមួយកម្ពុជាបន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន។ ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងចំពេលដែលយន្តហោះលើកដំបូងរបស់ក្រុមហ៊ុននេះ បានមកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងក្លាយជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ ដូច្នេះហើយការពង្រីកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងជួយជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ ពិសេសទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ។
ទន្ទឹមគ្នានេះ លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ Emirates បានឱ្យដឹងថា Emirates បានប្ដេជ្ញាចិត្ត ក្នុងការចូលរួមគាំទ្រចក្ខុវិស័យរបស់កម្ពុជា តាមរយៈការផ្ដល់នូវការតភ្ជាប់ផ្លូវហោះហើរដ៏សំខាន់ទៅទីក្រុងឌូបៃ និងទៅទីកន្លែងផ្សេងៗទៀត ដើម្បីរួមចំណែកពង្រឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់កម្ពុជា។ លោកជឿថា សក្ដានុពលរបស់ខេត្តសៀមរាប និងទន្ទឹងរង់ចាំធ្វើការជាមួយដៃគូពាក់ព័ន្ធក្នុងស្រុក និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយផ្លូវហោះហើរថ្មីនេះ ដល់អតិថិជនរបស់យើងនៅទូទាំងពិភពលោកឱ្យបានកាន់តែច្រើន។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Emirates ហោះហើរ ៣លើកក្នុងមួយសប្ដាហ៍ មកកាន់ខេត្តសៀមរាប ពោលគឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ក្នុងគោលបំណងផ្ដល់ជូនអ្នកធ្វើដំណើរកម្សាន្តពីទីផ្សារអឺរ៉ុបសំខាន់ៗរបស់ក្រុមហ៊ុនអាកាសចរណ៍ រួមមានប្រទេសបារាំង ចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ ប្រទេសអេស្ប៉ាញ ប្រទេសព័រទុយហ្កាល់ និងប្រទេសរុស្ស៊ី ជាដើម។
យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏មានជើងហោះហើរ រវាងរាជធានីភ្នំពេញ និងទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ជារៀងរាល់ថ្ងៃផងដែរ លើដំណាក់ផ្លូវពីទីក្រុង ឌូបៃ-សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី-ឌូបៃ ចំនួន ៧ជើង ក្នុង១សប្តាហ៍ ដែលបានចាប់ផ្តើមហោះហើរតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤មកម្ល៉េះ។
ការពង្រីកសេវាកម្មរបស់ Emirates ត្រូវបានគេរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ដល់ការរីកលូតលាស់ទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ដោយពង្រឹងការអំពាវនាវរបស់ប្រទេសជាគោលដៅកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

