ប្រព័ន្ធបង្វែរទឹកភ្លៀងចេញពីរាជធានីភ្នំពេញ នៅតំបន់ព្រែកពាមសត្ថា សម្រេចបានជាង ៧៧% ហើយ
គិតមកទល់ពេលនេះ គម្រោងសង់ប្រព័ន្ធរំដោះទឹក និងពង្វាងទឹកភ្លៀងចេញពីរាជធានីភ្នំពេញ នៅតំបន់ព្រែកពាមសត្ថា ស្រុកពញាឭ ខេត្តកណ្តាល សម្រេចបានប្រមាណ ៧៧,៨% ហើយ។ នេះបើតាមដំណើរចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារអនុគម្រោងដឹកនាំដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។
គម្រោងព្រែកពាមសត្ថា ជាអនុគម្រោងដែលជាផ្នែកមួយនៃគម្រោងរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជួយរំដោះទឹកចេញពីតំបន់រលាំងជ្រៃខាងជើង តាមអូរខ្សាច់ បឹងតាមោក ព្រែកពាមសត្ថា ផ្លូវជាតិលេខ៥ ធ្លាក់ទៅបឹងទន្លេសាប។
អនុគម្រោងនេះ មានការងារសំខាន់ៗរួមមាន៖ ទី១)ស្តារព្រែកពាមសត្ថាប្រវែងសរុប ១៨,៧ គីឡូម៉ែត្រ មុខកាត់ទទឹង ១០០ម៉ែត្រ និង ទី២)សាងសង់ស្ថានីយមូមទឹកមួយកន្លែង មានបំពាក់ម៉ូទ័របូមទឹកចំនួន ៩គ្រឿង។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់រួចមកហើយកាលពីអំឡុងខែមករា ថាគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ សាងសង់បានជិត ១០០% ហើយ។ (អានបន្ថែម)
គួររលឹកថា គម្រោងប្រព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានអនុវត្តជាបីជំហាន ហើយការងារដែលត្រូវធ្វើរួមមាន ០៨ចំនុចសំខាន់ៗ៖
ទី១. ការងារកែលម្អស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល
ទី២. ស្ទឹងក្រោមទន្លេបាទីប្រវែង ៧គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកណ្តាល
ទី៣. ប្រឡាយជើងឯកបីខ្សែប្រវែង ២៧,៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងលិច និងខាងត្បូងរាជធានីភ្នំពេញ
ទី៤. ប្រឡាយ៥៩ និង៩០ ប្រវែង ១៨,៨គីឡូម៉ែត្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
ទី៥. ប្រឡាយ៩៦ និងព្រែកគង់ ប្រវែង ៣៤គីឡូម៉ែត្រ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល
ទី៦. ព្រែកពាមសត្ថា ប្រវែង ១៨,៧គីឡូម៉ែត្រ ស្ថិតក្នុងខណ្ឌព្រែកព្នៅ និងស្រុកពញាឮ រាជធានីភ្នំពេញ និងខេត្តកណ្តាល
ទី៧. ប្រឡាយរលាំងជ្រៃ-ស្លាគូ ប្រវែង ៥៨,៤៥គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ទី៨. ប្រឡាយអូរខ្សាច់ភ្ជាប់ពីរលាំងជ្រៃខាងជើងមកដល់បឹងតាមោក ប្រវែង ២៧,៧គីឡូម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ (អានបន្ថែម)

- Video Advertisement -