ជប៉ុនស្នើកម្ពុជា សិក្សាទីតាំងចំនួន២កន្លែង សម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង

 

ក្រោយវិទ្យាស្ថាន(ERIA) បានបង្ហាញផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជាជូនដល់រដ្ឋាភិបាល មិនយូរប៉ុន្មានគណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា (BRIC) បានចាប់ផ្តើមធ្វើសកម្មភាពភ្លាម ដោយចុះសិក្សាពីទីតាំងសក្ដានុពលចំនួន២កន្លែង សម្រាប់ដំណើរការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនេះ។

នេះបើតាមបទបង្ហាញដែលបានលើកឡើងដោយគណៈប្រតិភូ លោក Yasuhiro YAMADA ជាមន្ត្រីជាន់ខ្ពស់គោលនយោបាយមេគង្គ នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងក្នុងនាមប្រធានវិទ្យាស្ថាន ERIA លោក Tetsuya Watanabe ព្រមទាំងលោក Tsutomu Tamura មន្រ្តីសាជីវកម្ម Nippon Koei Co, Ltd ជូនដល់លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ស្តីអំពីការជ្រើសរើសទីតាំងចំនួន ២កន្លែង សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា។

ក្នុងបទបង្ហាញនេះ គណៈប្រតិភូទាំងនេះបានបង្ហាញអំពីផែនការការងារ និងស្នើសុំការណែនាំអំពីជម្រើសទីតាំងចំនួន ២កន្លែង សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា ដោយជម្រើសទី១នៅតំបន់ក្បែររាជធានីភ្នំពេញ និងជម្រើសទី២នៅខេត្តពោធិ៍សាត់។

លើសពីនេះ គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា ក៏បានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយផ្គត់ផ្គង់កម្លាំងពលកម្មក៏ដូចជាជួយបណ្តុះបណ្តាលជំនាញសម្រាប់ពួកគាត់។

ជាការឆ្លើយតប លោកជំទាវ បានបញ្ជាក់ថា ក្រសួងនឹងសិក្សាលើសំណើទាំងនេះ ព្រមទាំងពិនិត្យមើលលទ្ធភាពក្នុងការសម្របសម្រួលធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញបន្ថែមទៀតដល់អ្នកវិនិយោគជប៉ុន៕

គួររំលឹកថា មុនឈានដល់ការសិក្សារទីតាំងសម្រាប់គម្រោងខាងលើ លោក WATANABE Tetsuya ប្រធានវិទ្យាស្ថាន(ERIA) ធ្លាប់បានបង្ហើបប្រាប់ពីផែនការវិនិយោគនេះដល់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចការងារផ្លូវការនៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ម្តងរួចមកហើយ។ (អានបន្ថែម)

ជុំវិញគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជានេះដែរ វិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) ក៏ធ្លាប់បានបង្ហាញពីផែនការចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា ដោយបានសន្យាថា នឹងបន្តសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសបែបនេះនៅកម្ពុជា សម្រាប់បម្រើដល់ការវិនិយោគជាក់លាក់ តាមប្រភេទឧស្សាហកម្មនៅកម្ពុជាផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋ និងឯកជន ប្តេជ្ញារួមគ្នាកាត់បន្ថយប្រើថាមពលក្នុងអគារពាណិជ្ជកម្មឱ្យបាន ២៥% នៅឆ្នាំ២០៣០

ក្រសួងបរិស្ថាន និងក្រុមហ៊ុន សិវែ (Sevea)​ បានប្រកាសពីកា […]

Bentley Systems ឈ្នះពានរង្វាន់គ្រប់គ្រងប្រកបដោយនិរន្តរភាពប្រចាំឆ្នាំ 2025

Bentley និងអ្នកប្រើប្រាស់របស់ខ្លួនបានទទួលស្គាល់វិធីសាស្ […]