ក្រុមហ៊ុនកូកា-កូឡា ប្តេជ្ញាប្រើវត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញផលិតកម្មរបស់ខ្លួននៅកម្ពុជា
ក្រុមហ៊ុនភេសជ្ជៈ (កូកា-កូឡា) ដែលជាក្រុមហ៊ុនធំ និងល្បីល្បាញលំដាប់ពិភពលោកមួយ បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញតម្រូវការផលិតកម្មរបស់ខ្លួននៅកម្ពុជា។ នេះយើងតាមជំនួប ពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ដឹកនាំដោយលោក Paulo Gaspar Rodrigues នាយកប្រតិបត្តិក្រុមហ៊ុន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។
លោក Paulo Gaspar Rodrigues នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងដើម្បីបង្ហាញពីដំណើរការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងចំណុចគន្លឹះពាក់ព័ន្ធនានា សំដៅលើកកម្ពស់ កិច្ចសហការឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត រវាងផ្នែករដ្ឋ និងក្រុមហ៊ុនផ្ទាល់។
តាមរយៈជំនួបនេះ លោក បានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើមនៅក្នុងស្រុក ដែលមានគុណភាព និងកម្លាំងផលិតឱ្យស្របទៅនឹងតម្រូវការផលិតកម្មរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹង និងពង្រីកប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា សំដៅដល់ការរួមចំណែកក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានសារទរចំពោះក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ខណៈឯកឧត្តម ក៏បានចាត់ទុក ការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាកត្តាដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមថា ការទិញធាតុចូល ឬប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក វិនិយោគិននឹងទទួលបានការលើកចិត្តបន្ថែម ដែលនេះគឺជាការលើកទឹកចិត្តមួយក្នុងចំណោមយន្តការលើកទឹកចិត្តជាច្រើនដែលរដ្ឋាភិបាលបានដាក់ចេញ ដើម្បីទាក់ទាញ និងជំរុញការវិនិយោគប្រកបដោយគុណភាព។
គួរបញ្ជាក់ថា តាមរយៈសភាពាណិជ្ជកម្មអឺរ៉ុប (Eurocham) ក្រុមហ៊ុនភេសជ្ជៈកម្ពុជា Cambodia Beverage Company Ltd – (CBC) ដែលជាសមាជិកក្រុមហ៊ុន Bottling Investments Group (BIG) ដបកូកាកូឡារបស់ក្រុមហ៊ុនកូកាកូឡាបានទទួលសិទ្ធិផ្តាច់មុខដោយក្រុមហ៊ុនផលិត និងចែកចាយ Coca-Cola ក្នុងប្រទេសកម្ពុជា។ CBC បានចាប់ផ្តើមមជ្ឈមណ្ឌលពាណិជ្ជកម្ម និងចែកចាយរបស់ខ្លួននៅឆ្នាំ ១៩៩៣៕
គួររំលឹកទៀតថា បន្ទាប់ពីប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍មក ក្រុមហ៊ុន Coca-Cola បានបើករោងចក្រផលិតថ្មីមួយនៅក្នុងរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០១៦ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការទីផ្សារក្នុងស្រុក និងអាស៊ាន។ រោងចក្រនេះស្ថិតនៅលើផ្ទៃដីទំហំ ១២,៥ ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។ រោងចក្រក្រុមហ៊ុនភេសជ្ជៈកម្ពុជា (ក្រុមហ៊ុន Coca-Cola កម្ពុជា) នេះមានតម្លៃរហូតដល់ ១០០លានដុល្លារ។ (អានបន្ថែម)


- Video Advertisement -