៦ខែនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង $២៧លាន, និងមានអ្នកដំណើរ ឆ្លងកាត់តាមផ្លូវអាកាសជាង ៣លាននាក់ កើន ១៦%
ឧស្សាហកម្មទេសចរណ៍កម្ពុជាក្នុងឆមាសទី១នៃឆ្នំា២០២៥នេះ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយថ្មីៗនេះគ្រឹះស្ថានអង្គរបានបង្ហាញពីចំណូលរបស់ខ្លួនជាង ២៧លានដុល្លារ បានមកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗ។ កំណើនដ៏ខ្លាំងខ្លានេះត្រូវបានកើនឡើងស្របពេលដែលប្រទេសកម្ពុជាមានចំនួនអ្នកដំណើរជាង ៣,៤លាននាក់ បានឆ្លងកាត់តាមអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់ខ្លួន ពោលគឺកើន ១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
នេះបើតាមសេចក្ដីរាយការណ៍របស់អាកាសចរណ៍ស៊ីវិល និងរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។
ប្រភពខាងលើបានឱ្យដឹងថា ក្នុងរយៈពេលកន្លះឆ្នាំនេះ (ចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំ២០២៥) កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួន ៥៦៧.៦៧៣នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ គិតជាទឹកប្រាក់មានចំនួន ២៦.៣១៦.២២១ដុល្លារ កើន ៨,០៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
ទន្ទឹមគ្នានេះ បើក្រឡេកមើលខែមិថុនា តែឯង មានភ្ញៀវទេសចរបរទេសចំនួន ៤០.០៩៦នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គិតជាទឹកប្រាក់មានចំនួន ១.៧៤៧.១៩៧ដុល្លារ ថយចុះ ១៨,៧៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
ក្រៅពីចំណូលបានមកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរបានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗផ្សេងទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក គិតជាទឹកប្រាក់សរុបបានចំនួន ១.១០៩.០៧២ដុល្លារ។
ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានចាត់ទុកកំណើនដ៏រឹងមាំនេះ គឺត្រូវបានរុញច្រានឡើងដោយកត្តាសំខាន់ៗចំនួនបីគឺ៖ ទី១-ការងើបឡើងវិញយ៉ាងខ្លាំង នៃចំនួនអ្នកទេសចររបស់ប្រទេសចិន ដែលធ្វើដំណើរចេញក្រៅប្រទេស។ ទី២-និរន្តរភាពតម្រូវការធ្វើដំណើរតាមផ្លូវអាកាស ក្នុងតំបន់ជាអាទិ៍ពីប្រទេសថៃ វៀតណាម កូរ៉េ និងជប៉ុន។ល។ និងទី៣- ការបន្ធូរបន្ថយការរឹតបន្តឹងក្នុងការធ្វើដំណើរ និងការស្តារ និងពង្រឹងសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ឡើងវិញ។
គួររំលឹកថា ដើម្បីបង្កើនបទពិសោធន៍ដល់ភ្ញៀវអន្តរជាតិ ទាំងរដ្ឋាភិបាលកម្ពុជា និងមូលនិធិអង្គរ បានអនុវត្តគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ សំដៅលើកកម្ពស់វិស័យទេសចរណ៍។ ផែនការទាំងនេះផ្តោតលើការទាក់ទាញអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក ដោយសង្កត់ធ្ងន់លើបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងទេសភាពធម្មជាតិដ៏គួរឱ្យភ្ញាក់ផ្អើល។(អានបន្ថែម, បន្ថែម និងបន្ថែម)
- Video Advertisement -