ចិនប្រកាសពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅកម្ពុជា ដោយផ្តោតលើការផលិតស្រោមដៃពេទ្យសម្រាប់នាំចេញ!
ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. មកពីខេត្តហឺប៉ី សាធារណរដ្ឋប្រជាមានិតចិន ចង់ពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារខ្លួននៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុននេះកំពុងវិនិយោគនៅប្រទេសកម្ពុជាស្រាប់។
នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុនចិន Shijiazhuang Hongray Group Co., Ltd. កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។
នាឱកាសនោះ លោក លាវ គួយស៊ី(Liu Guixi) បានលើកឡើងថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺក្នុងគោលបំណងស្វែងរកទីតាំងថ្មី ដើម្បីពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ដោយមានតម្រូវការពង្រីកខ្សែច្រវាក់ផលិតកម្មរហូតដល់ទៅ ១០ខ្សែបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននេះ។ ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការយកជ័រកៅស៊ូក្នុងស្រុកឱ្យបានច្រើនជាអតិបរមាធ្វើជាធាតុចូលផលិតកម្ម ជំនួសឱ្យការប្រើសារធាតុគីមីផ្សេងៗ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថានដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។
គួរបញ្ជាក់ថា ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំកន្លងមកហើយក្នុងការផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) សម្រាប់នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប។ កន្លងមកនេះ ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ក៏បានសហការជាមួយក្រុមហ៊ុន Medtecs MSEZ Corp.,Ltd បណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេហាតធេន ស្ថិតនៅខេត្តស្វាយរៀងផងដែរ។
ការវិនិយោគបន្ថែមទៀតនេះ កំពុងបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងកើនឡើងរវាងប្រទេសចិន និងកម្ពុជា ជាពិសេសក្នុងវិស័យផលិតកម្មថែទាំសុខភាព និងគូសបញ្ជាក់អំពីសក្តានុពលសម្រាប់ការបង្កើតការងារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់៕

- Video Advertisement -