ក្រុមហ៊ុនល្បីបំផុតមកពីជប៉ុន ចង់និយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា
ក្រុមហ៊ុន Marubeni ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន បានបង្ហាញពីបំណងចង់បោះទុនរវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅប្រទេសកម្ពុជា ដើម្បីរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG 6.1)។
នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយគណៈប្រតិភូសាជីវកម្មក្រុមហ៊ុនឈានមុខជប៉ុន Marubeni នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ តំណាងក្រុមហ៊ុន Marubeni បានឱ្យដឹងថា ក្រុមហ៊ុនមានប្រតិបត្តិការសាកលក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត រួមទាំងប្រតិបត្តិការដែលបម្រើប្រជាជន១០លាននាក់នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ២លាននាក់នៅប្រទេសឈីលី និង១លាននាក់នៅក្នុងតំបន់ផ្សេងទៀត។ ទន្ទឹមគ្នានេះ តំណាងក្រុមហ៊ុន ក៏បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅប្រទេសកម្ពុជា ដោយអនុវត្តគំរូអាជីវកម្មស្រដៀងគ្នា សម្រាប់ទាំងតំបន់ទីក្រុង និងការពង្រីកទៅតំបន់ជនបទ។
ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ខណៈឯកឧត្តមថា រាជរដ្ឋាភិបាលបើកចំហចំពោះការវិនិយោគឯកជន និងផ្តោតលើដំណោះស្រាយយុទ្ធសាស្រ្ត ប្រកបដោយចីរភាព ជាជាងដំណោះស្រាយរយៈពេលខ្លី និងខ្នាតតូច។ ឯកឧត្តម ក៏លើកទឹកចិត្តឱ្យក្រុមហ៊ុន ធ្វើផែនការរយៈពេលវែង ដោយគិតគូរអំពីកំណើនតម្រូវការសម្រាប់ការរស់នៅ និងសម្រាប់តំបន់អភិវឌ្ឍន៍ឧស្សាហកម្មនាពេលអនាគត តាមរយៈការវិនិយោគលើរោងចក្រប្រព្រឹត្តិកម្ម និងបណ្តាញចែកចាយ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Marubeni គឺជាក្រុមហ៊ុនវិនិយោគដ៏ធំបំផុតមួយរបស់ប្រទេសជប៉ុន ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះ នៅទូទាំងពិភពលោក រួមទាំងវិស័យគ្រឿងចក្រ ថាមពល សារធាតុគីមី ចំណីអាហារ វាយនភ័ណ្ឌ លោហធាតុនិងរ៉ែ និងវិស័យផ្សេងទៀតជាច្រើន។ ដោយឡែក នៅក្នុងវិស័យផ្គត់ផ្គង់ទឹកវិញ Marubeni បានសហការជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដោយប្រើប្រាស់ជំនាញ បទពិសោធ និងបណ្តាញសកលរបស់ខ្លួន ក្នុងការផ្តល់ដំណោះស្រាយសម្រាប់បញ្ហាកង្វះទឹកស្អាត និងគុណភាព៕
- Video Advertisement -