គម្រោងសង់ផ្លូវក្រវ៉ាត់ព្រំដែនក្រោមមូលនិធីជិត ២៧លានដុល្លារ សម្រេចបានជាង ៥៣% ហើយ
គម្រោងកសាងផ្លូវក្រវាត់ព្រំដែនដែលស្ថិតក្រោមមូលនិធិជិត ២៧លានដុល្លារ សម្រេចបានប្រមាណ ៥៣,៣០% ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៦១ គីឡូម៉ែត្រ ស្មើនឹង ៥៦.៦៤% និងខេត្តរតនគិរី បានប្រវែង ២៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤៨,៤៨%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម) នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងនោះ ក្រុមការងារនេះ បានធ្វើការរាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន សម្រេចជាស្ថាពរលើផ្ទៃដីទំហំ ៤.៤១៥.០០០ ម៉ែត្រការ៉េ ស្មើនឹង ៧០,៦៤% នៃផ្ទៃដីសរុប ដែលគ្រោងរាវរក ទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ៧៩គ្រាប់ ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៣៥គ្រាប់។
បន្ថែមពីនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងសម្រេចជាស្ថាពរលើសំណង់សិល្បការរ្យ ដែលក្នុងនោះរួមមាន៖ លូប្រអប់សរុបចំនួន ២៣កន្លែង ស្មើនឹង ២៣៦,៧០ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទសរុប ១៧៨កន្លែង និងស្ថាបនា សម្រេចជាស្ថាពរនូវថ្នល់បេតុងបង្រៀរទឹកសរុបចំនួន ១០កន្លែង ស្មើនឹង ២២១,៨០ម៉ែត្រ។
លើសពីនេះ ដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ៧ ខែ កន្លងមកនេះ ក្រុមការងារ បានឈូសឆាយព្រៃទទឹង ៥ម៉ែត្រ បានប្រវែង ១៧៦,៥០គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ម៉ែត្រ បានប្រវែង ១៥១.២០គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបានប្រវែង ១២៧,៨០ គីឡូម៉ែត្រ, ចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងនូវទំនប់សុវត្ថិភាព និងកសាងតួផ្លូវបានប្រវែង ១២៤,៨០គីឡូម៉ែត្រ និងក្បាលល្បាយកម្ទេចថ្មសម្រេចជាស្ថាពរប្រវែង ៨៥,៩០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០គ.ម ក្រោមមូនិធិសរុបជិត ២៦.៩៦៧.៦០៩លានដុល្លារ នៅថ្ងៃទី១ វិច្ឆិការ ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៧។ (អានបន្ថែម)
- Video Advertisement -