ក្រសួងជំរុញអាជ្ញាធរខេត្តកែវ អនុវត្តផែនការមេរៀបចំក្រុង ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទូទាំងខេត្ត
រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តតាកែវ បាននិងកំពុងផ្តួចផ្តើមអនុវត្តផែនការមេ និងប្លង់គោលរបស់ខេត្តតាកែវ ដោយយកបឹងតាកែវជាចំណុចចាប់ផ្តើមក្នុងការរៀបចំក្រុង សំដៅដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទូទាំងខេត្ត។
នេះបើយោងតាមកិច្ចប្រជុំពិភាក្សាលើការរៀបចំលំហសាធារណៈបឹងតាកែវ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានឱ្យដឹងថា ក្នុងផែនការមេ និងប្លង់គោលរបស់ខេត្តតាកែវ បានកំណត់យកបឹងតាកែវដែលបឹងនេះផ្សារភ្ជាប់អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្រ្តរបស់កម្ពុជាតាំងពីកើតនគរជាចំនុចចាប់ផ្តើមក្នុងការរៀបចំក្រុង។ ឯកឧត្តមបន្តថា រដ្ឋាភិបាល គ្រោងធ្វើការប្រែក្លាយបឹងតាកែវឱ្យទៅជាសួនសាធារណ:ដ៏ធំមួយក្នុងក្រុងដូនកែវ នឹងផ្តល់នូវកន្លែងលំហែកម្សាន្តដល់សាធារណជន និងជាការគិតគូរដល់សុខភាព និងបង្កើននូវគុណតម្លៃជីវិតសម្រាប់អ្នកក្រុងដូនកែវ និងអ្នកខេត្តតាកែវ។
ពាក់ព័ន្ធបឹងតាកែវនេះដែរ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ធ្លាប់ប្រកាសពីគម្រោងវិនិយោគជាង ២លានដុល្លារ ក្នុងការសាងសង់ប្រាសាទថ្មីមួយដែលមានទីតាំងស្ថិតនៅចំកណ្តាលបឹងតាកែវ ក្នុងគោលបំណងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ និងជំរុញវិស័យទេសចរណ៍របស់ខេត្តនេះឱ្យកាន់តែរីកចំរើនថែមទៀត៕ (អានបន្ថែម)
កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរវាងក្រសួង និងអាជ្ញាធរខេត្តនេះ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព ដែលជះឥទ្ធិពលជាវិជ្ជមានដល់បរិស្ថាន និងសុខុមាលភាពសហគមន៍ក្នុងខេត្តតាកែវ។ នៅពេលដែលគម្រោងទាំងនេះដំណើរការ ពួកគេរំពឹងថានឹងជំរុញយ៉ាងខ្លាំងនូវកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងភាពរស់រវើកនៃវប្បធម៌ ដែលធ្វើឱ្យខេត្តតាកែវក្លាយជាចំណុចលេចធ្លោគួរឱ្យកត់សម្គាល់នៅក្នុងទេសភាពទីក្រុងរបស់កម្ពុជា។
- Video Advertisement -