គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងខេត្តកំពង់ធំ សាងសង់បានប្រមាណជាង ៦៣ %
គម្រោងសាងសង់ទំនប់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ សម្រេចបានប្រមាណ ៦៣,២% ហើយ។ នេះបើតាមយោងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ដឹកនាំដោយឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តម ជួន ប៊ិតថុល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារគម្រោងទាំងមូល សម្រេចបានប្រមាណ ៦៣,២% ក្នុងនោះមាន៖ ទី១.សំណង់បង្ហៀរទឹកដំណាក់កាលទី១ សម្រេចបាន ១០០%, ទី២.សំណង់បង្ហៀរទឹកដំណាក់កាលទី២សម្រេចបាន ៦០%, ទី៣.សំណង់មិនបង្ហៀរសម្រេចបាន ៥៥%, ទី៤.ទំនប់ដីខាងឆ្វេងសម្រេចបាន ៩៥%, ទី៥.ទំនប់ដីខាងស្តាំសម្រេចបាន ៧០% និងទី៦)ទ្វារទឹកដំណាក់កាលទី១សម្រេចបាន ១០០%។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតប្រើពេលសាងសង់ចំនួន ៤៨ខែ ដោយបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅខែតុលា ឆ្នាំ២០២៧។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃគម្រោងមានទំនប់ប្រវែង ២.៦៨០ម៉ែត្រ ក្នុងនោះទំនប់ដីខាងឆ្វេងប្រវែង ១.១៣៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១.១៨៨ម៉ែត្រ។
ក្រោយពេលសាងសង់រួច គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាកសិករចំនួន ២៥.០០០គ្រួសារ ស្មើនឹង ៨៥.៣០០នាក់ ស្ថិតក្នុងស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ។ លើសពីនេះ គម្រោងនេះមានសក្តានុពលខ្លាំងក្នុងការផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រែនៅផ្នែកខាងក្រោមប្រមាណ ១៣១.៣២៣ហិកតា ហើយថែមទាំងបង្កើនទិន្នផលស្រូវពី៤តោន ទៅ៥,៤ តោន/ហិកតា និងរួមចំណែកផងដែរក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់។ (អានបន្ថែម)
គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន (EXIMBANK) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គម្រោងនេះដែរ ត្រូវបានចាត់ទុកថាជាជាគម្រោងអាទិភាពនៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ (អានបន្ថែម)
- Video Advertisement -