ជប៉ុន ចង់ជួយកម្ពុជា តាមរយៈជំរុញទីផ្សារឥណទានកាបូនឱ្យកាន់តែធំទូលំទូលាយជាងមុន
ក្រុមហ៊ុនបច្ចេកកវិទ្យារបស់ជប៉ុន រួមជាមួយទីភ្នាក់ងារអវកាសជប៉ុន (JAXA) បានបង្ហាញពីបំណងចង់ជួយជំរុញទីផ្សារឥណទានកាបូនកម្ពុជាឱ្យកាន់តែទូលំទូលាយជាងមុន។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងក្រុមហ៊ុនបច្ចេកកវិទ្យារបស់ជប៉ុន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ។
នៅក្នុងជំនួបនោះ បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកកវិទ្យារបស់ជប៉ុន រួមជាមួយទីភ្នាក់ងារអវកាសជប៉ុន (JAXA)ដែលមានជំនាញ និងបទពិសោធន៍ ក្នុងការប្រើប្រាស់រូបភាព និងទិន្នន័យ ពីផ្កាយរណប បានបង្ហាញនូវជំហរវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការ ជំរុញទីផ្សារឥណទានកាបូនរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយជាងមុន។
គួរបញ្ជាក់ថា នៅទីភ្នាក់ងារអវកាសជប៉ុន (JAXA) មានសមាជិកចំនួន ៧ក្រុមហ៊ុន ដូចជា៖ ក្រុមហ៊ុន green-carbon, ក្រុមហ៊ុន Sagri Co.,Ltd, ក្រុមហ៊ុន Faeger Co.,Ltd, ក្រុមហ៊ុន Nippon Koei, ក្រុមហ៊ុន Archeda, inc. ក្រុមហ៊ុនGOMI Solutions Co.,Ltd,និងក្រុមហ៊ុន SpaceBlast,Inc ។
ជាការឆ្លើយតប ឯកឧត្តម អ៊ាង សុផល្លែត បានស្វាគមន៍ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុន ក្នុងកិច្ចសហប្រតិបត្តិការជំរុញទីផ្សារឥណទានកាបូនរបស់កម្ពុជា ខណៈការរួមគ្នាវិនិយោគឥណទានកាបូន គឺការរួមគ្នាជួយអាយុជីវិតប្រជាជនយើងពីការរប្រែប្រួលអាកាសធាតុ។ ជាងនេះទៅទៀត ឯកឧត្តមបានសង្កត់ធ្ងន់ថា ឥឡូវនេះគឺដល់ពេលវេលាហើយ ដែលកម្ពុជាត្រូវបង្ហាញពីភាពជោគជ័យក្នុងការថែរក្សាព្រៃឈើរបស់កម្ពុជា តាមរយៈទីផ្សារឥណទានកាបូន ហើយយើងស្វាគមន៍បច្ចេកវិទ្យាថ្មីៗ ទំនើបៗ និងឆាប់រហ័សលើការធ្វើជីវម៉ាសព្រៃឈើផងដែរ។
គួរបញ្ជាក់ថា កម្ពុជាបានគាំទ្រ និងចូលរួមអនុវត្តគម្រោងរេដបូកចាប់តាំងពីកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ( UNFCCC) ឆ្នាំ២០១៤ និងប្រកាន់ភ្ជាប់នូវយន្តការទីផ្សារកាបូនស្មគ្រ័ចិត្ត( គឺជាការលក់មុខងារព្រៃឈើដែលមានតួនាទីស្រូបយកឧស្ម័នផ្ទះកញ្ចក់ឬ ឧស្ម័នកាបូនិចពីក្នុងបរិយាកាសយើង ទៅផ្ទុកក្នុងដើមឈើ)។ គិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានកំពុងនឹងអនុវត្តគម្រោងរេដបូកបានអនុវត្ត៖ គម្រោងរេដបូកកែវសីម៉ា(មណ្ឌលគីរី,ក្រចេះ) គម្រោងរេដបូកក្រវាញខាងត្បូង(កោះកុង,ពោធិ៍សាត់), គម្រោងរេដបូកក្នុងយន្តការJCM(Joint Crediting Mechanism)គម្រោងរេដបូកព្រៃទ្បង់។
គួររំលឹកថា កន្លងទៅថ្មីៗនេះ វិទ្យាស្ថាន GGGI បានប្តេជ្ញាជួយកម្ពុជាពង្រឹងសមត្ថភាពឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូនក្នុងឆ្នាំ២០៥០។ ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយលោក Malle Fofana,នាយកប្រចាំតំបន់អាស៊ីនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល( GGGI) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ (អានបន្ថែម)
- Video Advertisement -