ក្រុមហ៊ុន Divelopment មកពីចិន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា
ប្រតិភូក្រុមហ៊ុន Divelopment Co,Ltd មកពីទីក្រុងណានជីង សាធារណរដ្ឋប្រជាមានិតចិន បានមកស្វែងយល់ពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងបានបង្ហាញការចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មផងដែរ។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយលោក កៅ គូគ័ង (Gao Gu Guang ) អនុប្រធានក្រុមហ៊ុនចិន នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៥។
នាឱកាសនោះ លោក កៅ គូគ័ង បានថ្លែងថា ដំណើរមកកាន់កម្ពុជានេះ គឺដើម្បីទស្សនកិច្ចតំបន់ផលិតស្រូវ និងកែច្នៃគ្រាប់ស្វាយចន្ទី។
ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោកកៅ គូគ័ង បានបង្ហាញពីចំណាប់អារម្មណ៍ដោយចង់វិនិយោគលើផ្នែកកសិកម្មនៅកម្ពុជា ខណៈប្រជាជនចិនភាគច្រើននិយមចូលចិត្តផលិតផលកសិកម្មរបស់កម្ពុជា ដែលមានដូចជា ផ្លែធុរេន ស្វាយ និងខ្នុរជាដើម។ ដូច្នេះលោក ក៏ប្តេជ្ញាចិត្តថា នៅពេលត្រឡប់ទៅចិនវិញ លោកនឹងដឹកនាំអ្នកវិនិយោគមកសិក្សាវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុនេះតែម្តង។
ជាការឆ្លើយតប ឯកឧត្តម ម៉ាង ស៊ីណេត បានស្វាគមន៍ប្រតិភូក្រុមហ៊ុនចិន ដោយឯកឧត្តមបានពន្យល់ថា វិស័យដែលមានសក្តានុពលរបស់ខេត្តព្រះសីហនុ មានដូចជាការដឹកជញ្ជូនមាន ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម (ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម) និងជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាព ខណៈមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាសម្រាកលម្ហែយ៉ាងច្រើន ហើយត្រូវបានប្រសិទ្ធនាមថា ជា “តារារះនាទិសនារតី” ។
ឯកឧត្តម បន្តថា បច្ចុប្បន្នមានជើងហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តនៃប្រទេសចិន ហើយខែក្រោយ និងមានការហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តពីរបន្ថែមទៀត នៃប្រទេសចិន ហើយទីក្រុងណានជីង ក៏ជាគោលដៅហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុផងដែរ។
គួររំលឹកថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីបានចំនួន ៣៧៣គម្រោង ក្នុងទុនវិនិយោគសរុប ៥,៨ពាន់លានដុល្លារ កើន ៧៧%។ ក្នុងនោះ បើក្រឡេកមើលប្រភពទុនវិនិយោគវិញ ចិនបានឈរលើលំដាប់ខ្ពស់បំផុតក្នុងឆមាសទី១ ឆ្នាំ២០២៥ គឺ ៥២,២៣%។នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលថ្ងៃទី ៧ កក្កដា ឆ្នាំ២០២៥។(អានបន្ថែម)
ដោយសារវិស័យកសិកម្មកម្ពុជាទាក់ទាញការចាប់អារម្មណ៍ពីបរទេសកាន់តែច្រើន កិច្ចសហប្រតិបត្តិការនេះជាមួយអ្នកវិនិយោគចិនអាចត្រួសត្រាយផ្លូវសម្រាប់កំណើន និងការច្នៃប្រឌិតក្នុងវិស័យកសិកម្មរបស់ប្រទេស ដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ៕
- Video Advertisement -