ត្រឹមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី សម្រេចបានជិត ១ពាន់លានដុល្លារ
ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ីនៅតែបន្តរឹងមាំ ខណៈត្រឹមឆ្នាំ ២០២៤ កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ សម្រេចបានរហូតដល់ជិត ១ពាន់លានដុល្លារ( ៨៥៩ លានដុល្លារ)។ នេះបើយោងតាមជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។
នាឱកាសនោះ តំណាងសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី បានឱ្យដឹងថា កិច្ចពិភាក្សានេះ គឺដើម្បីលើកឡើងពីគម្រោងសហការ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសំដៅឈានទៅពង្រឹងទំនាក់ទំនងធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ព្រមទាំងកំណត់កាលានុវត្តភាពសហប្រតិបត្តិការរួម លើវិស័យសក្តានុពល ក្នុងអំឡុងពេលដែលគណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី បំពេញទស្សនកិច្ចនៅកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជម្រាបជូនគណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី អំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងគោលដៅកម្ពុជាក្នុងការសម្រេចនូវទស្សនវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ដោយផ្អែកលើកត្តាជំរុញនានារួមមាន៖ កម្លាំងពលកម្មវ័យក្មេង និងជំនាញ បរិយាកាសវិនិយោគដែលអំណោយផល និងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
អ្នកឧកញ៉ា ក៏បានចង្អុលបង្ហាញពីវិស័យសំខាន់ៗនៅកម្ពុជាមួយចំនួនសម្រាប់ការសហការដែលមានសក្តានុពល រួមមាន៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល កសិកម្មប្រកបដោយចីរភាព និងទេសចរណ៍ផងដែរ។
គួរបញ្ជាក់ថា តាមរយៈកិច្ចពិភាក្សាខាងលើ ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាក់ស្តែងនៅត្រឹមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី មានប្រមាណ ៨៥៩លានដុល្លារ។ ក្រុមហ៊ុនម៉ាឡេស៊ី ជាអ្នកវិនិយោគដ៏សំខាន់នៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ រហូតមក ដោយផ្តោតលើវិស័យទូរគមនាគមន៍ ធនាគារ សំណង់ និង កម្មន្តសាលជាដើម។
នៅពេលដែលប្រទេសទាំងពីរធ្វើការយ៉ាងសកម្មដើម្បីពង្រឹងភាពជាដៃគូសេដ្ឋកិច្ចយ៉ាងដូច្នេះ អនាគតនៃពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី កំពុងឆ្ពោះទៅរកភាពភ្លឺស្វាង ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការរីកចម្រើន និងវិបុលភាពទៅវិញទៅមក៕

- Video Advertisement -