គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ បានបញ្ចប់ ១០០ភាគរយហើយ
គម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២ បានបញ្ចប់១០០ភាគរយហើយ ខណៈភាគីពាក់ព័ន្ធ បានរៀបចំពិធីប្រគល់-ទទួលរួចហើយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ នេះបើយោងតាមហ្វេសប៊ុករបស់មន្ទីព័ត៌មានខេត្តសៀមរាប។
លោក លី សារី អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា គិតមកទល់ពេលនេះ គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ត្រូវបានបញ្ចប់ដោយជោគជ័យ ១០០ភាគរយហើយ ដែលការស្ដារស្ទឹងនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព កាត់បន្ថយការជន់លិចក្នុងក្រុងសៀមរាប ព្រមទាំងអាចឱ្យកាណូតចូលមកដល់ក្នុងខេត្ត ដើម្បីដឹកជញ្ជូនផលិតផល ឬកសិផលផ្សេងៗតាមផ្លូវទឹកមួយនេះបានផងដែរ។
គួរបញ្ជាក់ថា គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ គឺធ្វើឡើងក្រោមគម្រោងឥណទានសម្បទានរបស់ធនាគារអាហរ័ណ នីហរ័ណ សាធារណរដ្ឋកូរ៉េ (EDCF) និងបដិភាគរបស់រាជរដ្ឋាភិបាល។
គម្រោងនេះទោះបីជាប្រគល់មកឱ្យរដ្ឋបាលខេត្តគ្រប់គ្រងក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តតាមដាន និងជួយមើលថែមួយឆ្នាំទៀតដែរ។
ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា កន្លងមកក្រុងសៀមរាបតែងតែជួបប្រទះបញ្ហាទឹកជំនន់ញឹកញាប់ ដោយសារស្ទឹងសៀមរាបហូរកាត់ក្រុងមានសភាពចាល់ ចំណែកទឹកទន្លេសាបឡើងខ្ពស់ និងប្រព័ន្ធលូនានាដែលហូរមិនទាន់។ បន្ទាប់ពីការសាងសង់ និងជួសជុលរួចរាល់ ក្រសួងបានផ្ទេរការគ្រប់គ្រងទៅរដ្ឋបាលខេត្ត ហើយក៏បានស្នើឱ្យរដ្ឋបាលខេត្តជួយទប់ស្កាត់ការសង់សំណង់ផ្សេងៗ ដើម្បីរក្សា និងលើកកម្ពស់សោភ័ណភាពដងស្ទឹងសៀមរាបរបស់យើង ឱ្យកាន់តែស្រស់ស្អាត។ ទន្ទឹមនឹងនេះ យើងក៏ត្រៀមនឹងបន្តស្តារស្ទឹងសៀមរាបជំហានទី៣ បន្តពីជំហានទី២ នេះផងដែរ។
គួររំលឹកថា គម្រោងកែលម្អស្ទឹងសៀម ត្រូវបានចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ គម្រោងស្តារស្ទឹងសៀមរាបដំណាក់កាលទី២ បានទទួលការគាំទ្រពីប្រទេសកូរ៉េ ដើម្បីអនុវត្តផ្នែកសំខាន់ៗចំនួន៤ ក្នុងគោលបំណងកែលម្អបរិស្ថានតាមដងទន្លេ។ នៅពេលដែលគម្រោងកំពុងដំណើរការឆ្ពោះទៅរកការបញ្ចប់ វាសន្យាថានឹងពង្រឹងទាំងគុណភាពអេកូឡូស៊ី និងសោភ័ណភាពក្នុងតំបន់ ផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងអ្នកទស្សនាដូចគ្នា។(អានបន្ថែម)
- Video Advertisement -