ស្វែងយកពីវិធីប្រើប្រាស់បច្ចេកវិទ្យា Geospatia​l ដើម្បីគ្រប់គ្រងរោងចក្រថាមពល

រោងចក្រថាមពលភាគច្រើននាពេលបច្ចុបន្បន្នដូចជា​ ធ្យូងថ្ម ឧស្ម័នធម្មជាតិ សូឡា វារីអគ្គសនី ក៏ដូចជារោងចក្រថាមពលដើរដោយខ្យល់ជាដើម បាននិងកំពុងត្រូវបានរចនា និងគ្រប់គ្រងដោយប្រព័ន្ធគ្រប់គ្រងធម្មតាទូទៅ ដែលនេះគឺមិនគ្រប់គ្រាន់នោះទេ ពិសេសនៅពេលដែលពិភពលោកយើងកំពុងជូួបប្រទះនឹងគ្រោះធម្មជាតិដែលមិនបានរំពឹងទុកជាច្រើន។

ជាក់ស្ដែង នៅប្រទេសកម្ពុជា យើងមិនអាចស្មានដឹងនោះទេថានឹងមានគ្រោះធម្មជាតិពេលណា។ ពេលខ្លះយើងអាចមានគ្រោះទឹកជំនន់ខ្លាំង ឬសាហាវបំផុតអាចនឹងមានគ្រោះរញ្ជួយដី។ តើនៅពេលនោះរោងចក្រថាមពលដូចជា ឧស្ម័នធម្មជាតិ ឬធ្យូងថ្ម អាចនឹងផ្ទុះហើយបង្កជាគ្រោះថ្នាក់ឬទេ? តើយើងគួរគិតគូរយ៉ាងណា? នេះជាកត្តាដែលប្រព័ន្ធគ្រប់គ្រងគម្រោងធម្មតាៗមិនអាចដោះស្រាយបាន។

ដោយសារតែហេតុនេះ ក្រុមហ៊ុនវិស្វកម្មសំណង់ឌីជីថលលំដាប់ពិភពលោក Bentley បានផ្ដល់យោបល់ថាយើងគួរតែងាកមកប្រើបច្ចេកវិទ្យាឆ្លាតវៃដូចជា Geospatia​l Technology វិញដើម្បីជួយឱ្យការរចនា គ្រប់គ្រង និងថែទាំគម្រោងឱ្យធ្វើទៅដោយសុក្រឹត មានប្រសិទ្ធភាព ជាប់ធន់យូរអង្វែង និងសំខាន់បំផុតធន់នឹងអាកាសធាតុ។ តើបច្ចេកវិទ្យានេះជាអ្វី ហើយវិធីប្រើប្រាស់គឺយ៉ាងដូចម្ដេច។

បច្ចេកវិទ្យា Geospatia​l គឺជាបណ្ដុំទិន្នន័យភូមិសាស្ត្រដែលទូលំទូលាយបំផុត ដែលនឹងជួយដល់គម្រោងសំណង់​រោងចក្រថាមពលតាំងពីដំណាក់មុនសាងសង់ ដំណាក់កាលសាងសង់ និងដំណាក់ការថែទាំក្រោយសង់ដើម្បីឱ្យគម្រោងនៅធន់យូរអង្វែង។

ក្នុងដំណាក់កាលធ្វើផែនការមុនសង់ ប្រព័ន្ធនេះផ្តល់នូវទិន្នន័យភូមិសាស្ត្រត្រឹមត្រូវ ដែលអនុញ្ញាតឱ្យវិស្វករបង្កើតផែនទីលម្អិត និងគំរូប្លង់រស់រវើកនៃគម្រោង។ ទិន្នន័យនេះគួរតែប្រើរួមកម្មវិធីផ្សេងទៀត ដូចជា SYNCHRO 4D , iTwin និង MicroStation ព្រមនឹងប្រព័ន្ធ និង AI Machine Learning ដើម្បីបង្កើតជាគំរូប្លង់បែបរស់រវើកដូចទិដ្ឋភាពជាក់ស្តែងពេញលេញមួយ។

ការប្រើរួមគ្នានឹងជួយវិភាគឱ្យយើងដឹងថាគម្រោងរោងចក្រថាមពលនេះ ស័ក្តិសមនឹងទីតាំងភូមិសាស្ដ្រនោះឬទេ។ វាអាចវិភាគដឹងពីស្ថានភាពភូមិសាស្ដ្របច្ចុបន្ន និងបម្រែសម្រួលនៅពេលអនាគតទៀតផង។ ដូច្នេះ វានឹងជួយឱ្យយើងដឹងថា ទីតាំងនោះងាយនឹងរងគ្រោះធម្មជាតិអ្វីខ្លះ ហានិភ័យខ្ពស់កម្រិតណា ហើយបើសាងសង់តើគម្រោងអាចអាចទប់ទល់បានឬទេ ហើយគួរតែសង់ឬទេ?

ម្យ៉ាងវិញទៀត បច្ចេកវិទ្យានេះក៏ជួយឱ្យម្ចាស់គម្រោងវិភាគភូមិសាស្ត្រនៅទីតាំងដាច់ស្រយាល និងពិបាកចូលទៅដល់សដូចជា នៅជ្រលងភ្នំ ឬនៅកណ្ដាលសមុទ្រ បានដោយងាយស្រួល ដោយប្រើទិន្នន័យអនឡាញ។  កត្តានេះជួយកាត់បន្ថយចំណាយបានយ៉ាងច្រើន បើធៀបនឹងការបញ្ជូនមនុស្សស្ទង់ការដ្ឋានជាក់ស្ដែងដែលចំណាយពេល និងមានហានិភ័យខ្ពស់។

លើសពីនេះ បច្ចេកវិទ្យា Geospatial ក៏រួមចំណែកដល់និរន្តរភាពបរិស្ថានផងដែរ។ នៅពេលរៀបចំផែនការ ទិន្នន័យភូមិសាស្ត្រអាចកំណត់អត្តសញ្ញាណតំបន់ដែលងាយរងគ្រោះដល់បរិស្ថាន ដូចជាតំបន់ដីសើម ឬជម្រកសត្វព្រៃ។ ព័ត៌មាននេះជួយវិស្វករក្នុងការរចនាគម្រោងថាមពលដែលកាត់បន្ថយការរំខានដល់បរិស្ថានបានផងដែរ។

ក្រោយសិក្សាចប់ ហើយសម្រេចថាសាងសង់ កម្មវិធីក៏នៅតែមា​នប្រយោជន៍។ តាមរយៈការប្រមូលទិន្នន័យគ្រប់យ៉ាងទាក់ទងនឹងគម្រោងមកផ្ដុំនៅកន្លែងតែមួយ ក្នុងអំឡុងពេលសាងសង់ កម្មវិធីនេះនឹងមានសមត្ថភាពវិភាគហើយណែនាំថាត្រូវប្រើគ្រឿងចក្រសំណង់បែបណា ហើយត្រូវប្រើដូចម្ដេច ដើម្បីឱ្យមានសុវត្ថិភាព សង់គម្រោងឱ្យបានរឹងមាំ និងសន្សំថវិកា ពិសេសសម្រាប់គម្រោងដែលធំហើយស្មុគស្មាញ។

លើសពីនេះ Geospatial Technology អាចជួយបង្កើតប្រព័ន្ធឱ្យគ្រឿងចក្រដើរដោយស្វ័យប្រវត្តិបាន ដែលមានប្រយោជន៍ណាស់សម្រាប់កិច្ចការដូចជា ការបុកគ្រឹះ ការសាងសង់ផ្លូវចូល និងការងារគ្រោះថ្នាក់ផ្សេងទៀតដែលមិនចាំបាច់ប្រើមនុស្ស។

ជាងនេះទៀត បច្ចេកវិទ្យានេះគឺអាចធ្វើគ្រប់ការងារគ្រប់យ៉ាងក្នុងកម្មវិធីតែមួយ ពោលគឺគ្រប់ក្រុមការងារពាក់ព័ន្ធដូចជាវិស្វករ ស្ថាបត្យករ ឬអ្នកគ្រប់គ្រងការដ្ឋាន អាចចូលប្រើទិន្នន័យរួម ហើយធ្វើបច្ចុប្បន្នភាពបានភ្លាមៗក្នុងកម្មវិធីនេះ  ដែលធ្វើការកាត់បន្ថយបញ្ហាយល់ច្រឡំ និងភាពយឺតយ៉ាវ។

យ៉ាងណាក្ដីលក្ខណសម្បត្តិពិសស បំផុតរបស់បច្ចេកវិទ្យានេះគឺការថែទាំ និងគ្រប់គ្រងគម្រោងឱ្យធន់បានយូរអង្វែង។ ការសង់រោងចក្រថាមពល មិនមែនសង់ប្រើ ៥ ឬ ១០ ឆ្នាំទេ ប៉ុន្តែគឺប្រើរយៈពេលយូរ ដូច្នេះគឺត្រូវការការថែទាំដែលម៉ត់ចត់។

បច្ចេកវិទ្យានេះ នឹងជួយរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន និងការយល់ដឹងស៊ីជម្រៅអំពីបរិស្ថានជុំវិញដែលគម្រោងនោះស្ថិតនៅ។ វិភាគអាចជួយចាប់រកបញ្ហាដែលអាចនឹងកើតឡើង ទាំងបញ្ហាគ្រឿងចក្រ បរិស្ថាន និងបញ្ហាគ្រោះធម្មជាតិ ហើយណែនាំពីវិធីបង្ការ។ ក្នុងករណីដែលមិនអាចបង្ការបាន កម្មវិធីនេះក៏ណែនាំពីរបៀបទប់ទល់នឹងគ្រោះធម្មជាតិ ដែលអាចឱ្យគម្រោងរងផលប៉ះពាល់តិចបំផុត។

ម្ចាស់គម្រោងអាចបង្កើត scenario ឬស្ថានភាពឧទាហរណ៍នៃបញ្ហានានា ឧទាហរណ៍បើមានទឹកជំនន់ គម្រោងនឹងទៅជាយ៉ាងណាហើយត្រូវដោះស្រាយដូចម្ដចបានដោយងាយ តែគ្រប់ជ្រុងជ្រោយ និងសុក្រឹត។

ជាឧទាហរណ៍ នៅពេលបង្កើតរោងចក្រថាមពលកំដៅក្នុងផែនដី គំរូនេះអាចបង្ហាញពីរបៀបដែលទឹកជំនន់អាចប៉ះពាល់ដល់លំហូរទឹកក្រោមដី និងអាងស្តុកទឹកកំដៅក្នុងផែនដី ឬអាចបំពុលប្រភពទឹកនៅក្បែរនោះដូចម្ដេច។ ដូចគ្នានេះផងដែរ វាក៏អាចផ្តល់ទិន្នន័យរញ្ជួយដី ដែលជួយក្នុងការរចនាទួរប៊ីនខ្យល់ដែលធន់ទ្រាំនឹងការរញ្ជួយដីផងដែរ។

លើសពីនេះ  យើងក៏អាចប្រើបច្ចេវិទ្យានេះដើម្បី​ត្រួត​ពិនិត្យ​ស្ថានភាព​នៃ​ខ្សែបញ្ជូន​ថាមពល និងវិភាគថាអាកាសធាតុនឹងប៉ះពាល់ដល់ខ្សែដូចម្ដេច ហើយវាក៏អាចវាយតម្លៃហានិភ័យបានផងដែរ។  វិធីសាស្រ្តសកម្មនេះអនុញ្ញាតឱ្យប្រតិបត្តិករកំណត់បញ្ហាដែលអាចកើតមាននៅដំណាក់កាលដំបូង និងអនុវត្តការថែទាំ។

ការយល់ដឹងទាំងនេះនឹងជួយឱ្យម្ចាស់គម្រោងត្រៀមខ្លួនតាមជាស្រេច ពិសេសគឺអាចដោះស្រាយបញ្ហាតូចៗជាមុន ជាជាងបណ្ដោយឱ្យបញ្ហារីកធំ ហើយដោះស្រាយមិនបានទាន់ពេល។

ជារួម កម្មវិធីនឹងជួយធ្វើឱ្យគម្រោងរោងចក្រថាមពលសាង់សង់ឡើងដោយមានសុវត្ថិភាព សន្សំថវិកា ប្រើប្រាស់ធន់បានយូរ និងពិសេសធន់នឹងអាកាសធាតុ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

ក្រសួង​ប្រៃសណីយ៍រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ឆ្នាំ២០២៥ ដោយ​ជោគជ័យ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបា […]

សរុបសមិទ្ធផលច្នៃប្រឌិតផ្នែកសំណង់សំខាន់ៗ ៣ របស់ Bentley Systems ក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន Bentley Systems បា […]

AI និង Volsung ជួយឱ្យគម្រោងរោងចក្រថាមពលកំដៅដែលត្រូវសង់ ៥ ឆ្នាំ​ រួញខ្លីត្រឹម ១២ ខែ

ក្រុមហ៊ុន Flux Energy Solutions កាលពីថ្មីៗ បានបញ្ចប់គម្ […]

តើ​និន្នាការ​បច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?

បន្ទាប់​ពី​ការ​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ សន្និសីទ​ Be […]