កម្ពុជា ប្រកាសដាក់ឱ្យដំណើរការប្រឡងប្រណាំងទីក្រុងស្អាត សម្រាប់រយៈពេល៤ឆ្នាំ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ ដែលមានសុពលភាពរយៈពេល៤ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ២០២៦ រហូតដល់ឆ្នាំ ២០២៩។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ កាលថ្ងៃទី១៣ តុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានលើកឡើងថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាព បរិស្ថានអនាម័យ និងសណ្ដាប់ធ្នាប់ នៅក្រុង និងខណ្ឌ នៃប្រទេសកម្ពុជាដែលជាតម្លៃបន្ថែម ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍។

ឯកឧត្តមបន្តថា ការដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺរាជរដ្ឋាភិបាល មានបំណងបំផុស និងលើកទឹកចិត្ត តាមរយៈការផ្តល់រង្វាន់ដល់ក្រុង និងខណ្ឌដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនបានល្អប្រសើរ ឱ្យក្លាយជាទីក្រុងស្អាត ឆ្លាត បៃតង ការផ្ដល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្ដៅ ព្រមទាំងមានលក្ខណៈប្រកួតប្រជែងទាំងផ្នែកសេដ្ឋកិច្ចជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីអះអាងថា ចលនានេះ ក៏ជាការចូលរួមបង្កើនភាពទាក់ទាញ និងជំរុញកំណើនទេសចរណ៍កម្ពុជា ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែមានភាពរស់រវើក មានផាសុកភាពក្នុងការរស់នៅ និងមានឧត្ដមភាពសម្រាប់ការប្រកបធុរកិច្ចផងដែរ។

សូមជម្រាប់ថា ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ច ល្អ» ដែលមិនត្រឹមតែចូលរួម ដល់ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងផលិតផលទេសចរណ៍នៅតាមបណ្តាទីក្រុង និងទីប្រជុំជននានាប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកកម្ពស់កិត្តិនាម និងឧត្តមភាព ប្រកួតប្រជែងរបស់ទេសចរណ៍កម្ពុជានៅក្នុងតំបន់ និងសកលលោកតាមរយៈការចូលរួមប្រកួតប្រជែងដណ្ដើមជ័យលាភីស្ដង់ដាកម្រិតតំបន់ និងអន្តរជាតិ មានជាអាទិ៍៖ ពានរង្វាន់ផ្ទះស្នាក់អាស៊ាន, ពានរង្វាន់ស្តង់ដាបង្គន់សាធារណៈអាស៊ាន និងពានរង្វាន់ស្តង់ដាសេវាកម្មស្ប៉ាអាស៊ាន ជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងជំរុញអាជ្ញាធរខេត្តកែវ អនុវត្តផែនការមេរៀបចំក្រុង ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទូទាំងខេត្ត

រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តតាក […]

អាជ្ញាធរខេត្តកណ្តាលប្រកាសកែលម្អតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យទៅជាសួនធារណៈដ៏រស់រវើកនិងបៃតង

ខេត្តកណ្តាល គ្រោងនឹងដំណើរការការផ្លាស់ប្តូរដ៏សំខាន់មួយ ខ […]

រដ្ឋប្រកាសសង់បន្ទប់ទឹកជិត ៤០កន្លែងបន្ថែមទៀត នៅតាមបណ្ដោយផ្លូវថ្មើរជើងក្នុងរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពីផែនការសាងសង់បន្ទប់ទឹកសាធា […]

រដ្ឋាភិបាលកម្ពុជាបើកការដ្ឋានអភិវឌ្ឍក្រុងរណបថ្មីបំផុត ទំហំ ២១០ហិកតា នៅអរិយក្សត្រ

ទីក្រុងរណបថ្មីនេះមានឈ្មោះថា ទីក្រុងមេគង្គឃី មានទំហំជាង […]