កម្ពុជា-វៀតណាម ប្រកាសរួមគ្នាជំរុញកិច្ចសហការលើផលិតកម្មកែច្នៃអាហារសមុទ្រ
កម្ពុជា-វៀតណាម នឹងរួមគ្នាជំរុញកិច្ចសហការលើផលិតកម្មអាហារកែច្នៃ និងផលិតផលអាហារសមុទ្រ សំដៅឈានទៅលើកកម្ពស់ឱកាសសម្រាប់កិច្ចសហការពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើងថែមទៀត។
នេះបើយោងតាមកិច្ចប្រជុំផ្សព្វផ្សាយពាណិជ្ជកម្ម នៅក្រុមហ៊ុនអាហារ HungHau ក្នុងទីក្រុងហូជីមិញ ដែលមានការចូលរួមដោយអនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៥។
បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សា និងលើកកម្ពស់ឱកាសសម្រាប់កិច្ចសហការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិឧស្សាហកម្ម ផលិតកម្មអាហារកែច្នៃ និងផលិតផលអាហារសមុទ្រ។ ជាងនេះទៀត កិច្ចប្រជុំនេះក៏មានបំណងលើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគ្រាសឯកជននៃប្រទេសទាំងពីរក្នុងការស្វែងរកដៃគូអាជីវកម្មថ្មី និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងទីផ្សារកម្ពុជា និងវៀតណាមបន្ថែមទៀត។
ពាក់ព័ន្ធការកែឆ្នៃអាហានេះដែរ កម្ពុជា-ម៉ាឡេស៊ី ក៏បានឯកភាពរួមគ្នាជំរុញការវិនិយោគលើវិស័យឧស្សហកម្មកែច្នៃម្ហូបអាហារហាឡាល់ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគតឱ្យកាន់តែប្រសើរ។នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា កាលចុងខែសីហា ឆ្នាំ២០២៥៕ (អានបន្ថែម)
- Video Advertisement -