តើវគ្គអប់រំសំណង់ឌីជីថល Bentley Premier Scholar ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?

ក្រុមហ៊ុន Bentley កំពុងរៀបចំវគ្គសិក្សាមួយឈ្មោះថា Bentley Systems Premier Scholar Program ក្នុងគោលបំណងដើម្បីពង្រឹង លើកកម្ពស់ និងទទួលស្គាល់​ជំនាញលើការប្រើប្រាស់កម្មវិធីគ្រប់គ្រងគម្រោងសំណង់បែបឌីជីថលរបស់វិស្វករវ័យក្មេងជុំវិញពិភពលោក។

វគ្គសិក្សា​នេះ​ផ្ដោត​លើ​ការ​ជំរុញ​ការ​ប្រើប្រាស់ និង​ការ​យល់ដឹង​កាន់តែ​ស៊ីជម្រៅនៃកម្មវិធី​សំខាន់ៗ​របស់ Bentley ដោយជួយជំរុញឱ្យ​វិស្វករវ័យ​ក្មេងដែលចូលរួមទាំងនោះ ​មាន​ជំនាញពិតប្រាកដ ពិសេសអាចប្រើវាបានក្នុងជីវិតការងារជាក់ស្ដែង ប្រកបដោយភាពច្នៃប្រឌិត។

លោកស្រី Volaree Rendon នាយិកាដំណោះស្រាយ​វិស្វកម្ម​​របស់ Bentley Systems បាន​ចាប់ផ្ដើម​វគ្គសិក្សា Bentley Systems Premier Scholar នេះ​កាលពី ៦ ឆ្នាំ​មុន។ ចក្ខុវិស័យ​របស់​លោកស្រី​គឺ​បង្កើត​ជា “ជំរំ​បណ្ដុះបណ្ដាល” ដ៏​តឹងរ៉ឹង​មួយ​ដែល​នឹង​ផ្តល់​វិញ្ញាបនបត្រ និង​បំផុសគំនិត​ដល់​វិស្វករ​ដែល​ពូកែ ដើម្បីជួយពួកគាត់ឱ្យ​អាច​ដឹកនាំ​អនាគតហេដ្ឋារចនាសម្ព័ន្ធពិភពលោកបាន។

​វគ្គសិក្សាផ្ដោតលើកម្មវិធីសំខាន់ៗ ២ គឺ OpenRoads និង OpenBridge។ OpenRoads គឺជា​កម្មវិធី​សម្រាប់​​រៀបចំផែនការ ​រចនា គ្រប់គ្រងការសាងសង់ និង​ធ្វើប្រតិបត្តិការគម្រោងសំណង់ផ្លូវ​ថ្នល់ ប្រព័ន្ធ​លូ និងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងផ្សេងទៀត។ ដោយឡែក OpenBridge គឺជាកម្មវិធីសម្រាប់គូរប្លង់ ​វិភាគផែនការ រចនា និងគ្រប់គ្រងគម្រោងសាងសង់​ស្ពាន។ កម្មវិធីទាំងនេះ សុទ្ធតែមានសមត្ថភាពបង្កើតគំរូភ្លោះ ឬ  iTwin ដែលនិយាយឱ្យងាយយល់គឺការបង្កើតគំរូប្លង់ដូចពិតបែបរស់រវើកនៃគម្រោង នៅលើទីតាំងជាក់ស្ដែង នៅលើកុំព្យូទ័រ។

គំរូភ្លោះ ឬ  iTwin នេះជួយឱ្យយើងដឹងថាគម្រោងនឹងមានរូបរាងយ៉ាងដូចម្ដេចនៅលើទីតាំងពិត ហើយយើងអាចបង្កើតជាស្ថានការណ៍ឧទាហរណ៍បានគ្រប់យ៉ាង មុននឹងសង់ដើម្បីដឹងថាគម្រោងដែលសង់នៅទៅជាយ៉ាងណា។

លើសពីនេះ ក្នុងពេលសាងសង់ ការងារគ្រប់យ៉ាងពីគ្រប់ផ្នែកនឹងត្រូវបញ្ចូលនៅក្នុងការកម្មវិធីនេះ  ដូច្នេះវិវឌ្ឍនភាពការដ្ឋាននឹងត្រូវធ្វើបច្ចុប្បន្នក្នុងគំរូភ្លោះដែរ ដែលធ្វើឱ្យងាយគ្រប់គ្រង។

យោង​តាម​លោកស្រី Rendon កម្មវិធី​នេះ​មាន​គោលបំណង​ជំរុញ​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី Bentley សម្រាប់​ការ​ផ្តល់​ជូន​ឌីជីថល​កម្រិត​ខ្ពស់ (advanced digital delivery)។

ថ្មីៗ​នេះ ក្រុម​និស្សិត​បញ្ចប់​ការសិក្សា​បាន​បង្ហាញ​សមិទ្ធផល​នេះ​ដោយ​បង្កើត “គំរូភ្លោះ​ឌីជីថល” នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ដែល​អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​សន្និសីទ​អាច​មើល​ឃើញ វាស់វែង និង​វិភាគ​ទិន្នន័យ​របស់​គំរូ​នេះ​ក្នុង​ពេល​ពិតប្រាកដ ដោយ​មិន​ចាំបាច់​ប្រើប្រាស់​កម្មវិធី CAD ឡើយ។

និស្សិត​បញ្ចប់​ការសិក្សា ដូចជា​លោក Kyle Rosenmeyer រាយការណ៍​ថា​ពួកគាត់​ទទួល​បាន​ការ​ជឿទុកចិត្ត​កើនឡើង​ភ្លាមៗ និង​ត្រូវ​បាន​គេ​ចាត់ថាជា​អ្នកជំនាញ OpenRoads/OpenBridge។

បន្ថែម​ពី​នេះ និស្សិត​បញ្ចប់​ការសិក្សា​ក៏​ទទួល​បាន​ឋានៈ “Premier Scholar” ជា​ផ្លាកសញ្ញា​មាស និង​ការ​ចូលរួម​ក្នុង​សហគមន៍​អតីត​និស្សិត​ដ៏​ឆ្នើម (elite Alumni Community)។ សហគមន៍​នេះ​រក្សា​ការ​ចូលរួម​តាមរយៈ​វគ្គ master class ប្រចាំឆ្នាំ ដោយ​ជំរុញ​បណ្តាញ​អ្នកជំនាញ​សកលលោក​ដែល​អាច​ចែករំលែក​ការ​យល់ដឹង និង​ជំរុញ​អនាគត​នៃ​ការ​រចនា​ហេដ្ឋារចនាសម្ព័ន្ធ។

ចាប់តាំងពី​ការ​សាកល្បង​ដំបូង​ក្នុង​ឆ្នាំ ២០២១ មក កម្មវិធី Premier Scholar បាន​រីកចម្រើន​ក្លាយ​ជា​ការ​ទទួលស្គាល់​ដែល​ត្រូវ​បាន​ស្វែងរក​យ៉ាង​ខ្លាំង​ជាមួយ​នឹង​អតីត​និស្សិត​ជាង ២០០ នាក់​ទូទាំង​ពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]