សមិទ្ធិផលថ្មីក្នុងខេត្តត្បូងឃ្មុំ៖ ផ្លូវ១ខ្សែ បើកដំណើរការសាងសង់ ខណៈផ្លូវ ៩ខ្សែ បានបញ្ចប់ និងសម្ពោធដាក់ឱ្យប្រើប្រាស់

ផ្លូវជនបទ ប្រវែង ៦, ៣០គីឡូម៉ែត្រ(គ.ម) បានចាប់ផ្តើមដំណើរការសាងសង ខណៈ ផ្លូវជនបទចំនួន ៩ខ្សែ ស្មើនឹង ៧០,៤គ.ម នៅក្នុងខេត្តត្បូងឃ្មុំ ក៏ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដំណាល់គ្នាផងដែរ។ ពិធីបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ បានធ្វើឡើងក្រោមអធិបតីរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ផ្លូវជនបទ ប្រវែង ៦, ៣០គ.ម និងផ្លូវជនបទចំនួន ៩ខ្សែ ស្មើនឹង ៧០,៤គ.ម នេះ មានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB) អនុវត្តដោយក្រសួងចំនួន ២គឺ៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេល ៩ឆ្នាំ (ឆ្នាំ២០២០-២០២៩)សម្រាប់ធ្វើការកែលម្អផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ។ (អានបន្ថែម) ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនបទត្រូវសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង ដែលមានប្រវែងសរុប ២៧៧គ.ម ស្ថិតក្នុងខេត្តគោលដៅចំនួន៣ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងអភិវឌ្ឍន៍នានាលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍នៅទូទាំងខេត្ត។

ទន្ទឹមគ្នានេះ ឯកឧត្តម ឆាយ ឫទ្ធិសែន ក៏បានចាត់ទុកសមិទ្ធផលខាងលើ នឹងធ្វើឱ្យខេត្តត្បូងឃ្មុំកាន់តែមានសម្រស់ស្រស់បំព្រង ខណៈឯកឧត្តមថា ក្រសួងនឹងបន្តយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដូចពាក្យស្លោក “មានផ្លូវគឺមានក្តីសង្ឃឹម” ផងដែរ។

ផ្លូវ១ខ្សែ ប្រវែងជាង ៦ គ.ម ដែលសាងសង់ពេលនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ២ ០២០គ្រួសារ ស្មើនឹងប្រជាជនសរុបជិត ១ម៉ឺននាក់ ក្នុងភូមិចំនួន១០ នៃឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ដោយឡែកការដាក់ឱ្យប្រើប្រាស់ផ្លូវជនបទចំនួន ៩ខ្សែ ប្រវែងជាង ៧០ គ.ម ក៏នឹងផ្តល់ផលយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ១២ឃុំ ស្មើរនឹងជាង ១៥០០០គ្រួសារថែមទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គិតដល់ពេលនេះ៖ ខេត្តស្វាយរៀងអភិវឌ្ឍផ្លូវជនបទបានចំនួន ៧៧១ខ្សែ ប្រវែងជិត ៣ពាន់គីឡូម៉ែត្រ

ខេត្តស្វាយរៀងកំពុងបោះជំហានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេ […]

រដ្ឋកំណត់យកភូមិល្វា ក្នុងខេត្តបាត់ដំបង អភិវឌ្ឍទៅជាភូមិគំរូគន្លឹះរបស់កម្ពុជា

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ជនបទ រដ្ឋាភិប […]