ADB បានទម្លាក់ការព្យាករណ៍ពី ៥,៥% មកត្រឹម ៥,៣% នៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣
កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងទុកថានឹងទាបជាងការព្យាករណ៍កាលពីដើមឆ្នាំបន្តិច គឺទម្លាក់ពី៥,៥% មកត្រឹម ៥.៣% ខណៈរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ នៅ ៦,០% ដដែល។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
ការព្យាករណ៍អំពីការធ្លាក់ចុះនេះ គឺបណ្តាលមកពីកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុកនៅក្នុងឆមាសទីមួយ ដោយក្នុងនោះការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញបានធ្លាក់ចុះ ១៨,៦% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១នៃឆ្នាំ ២០២៣។
យ៉ាងណាមិញ ការធ្លាក់ចុះនេះ ត្រូវបានប៉ះប៉ូវមួយផ្នែកដោយកំណើន ២២,៩% នៃការនាំចេញ ផលិតផលកម្មន្តសាលក្រៅពីវិស័យកាត់ដេរ មានជាអាទិភាពដូចជា គ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមជាដើម។
លោកស្រី Jyotsana Varma នាយកប្រតិបត្តិ ADB ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា កម្ពុជាគួរតែជំរុញការនាំចេញរបស់ខ្លួន សម្រាប់រយៈពេលដែលនៅសេសសល់នៃឆ្នាំ២០២៣នេះឱ្យបានច្រើន បើទោះជាកំណើនឧស្សាហកម្មក្នុងស្រុកបានធ្លាក់ចុះកាលពីដើមឆ្នាំនេះក៏ដោយ។
លោកស្រីបានបន្ត ចំពោះវិស័យសេវាកម្ម គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច ខណៈវិស័យមួយនេះបានដើរលឿនជាងការរំពឹងទុកក្នុងឆមាសទី១-២០២៣ ព្រោះមានការជំរុញឡើងវិញដោយភាពរឹងមាំនៃវិស័យទេសចរណ៍។
លើសពីនេះ របាយការណ៍ដដែលបានបង្ហារញទៀតថា ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣ វិស័យសេវាកម្ម គឺកើនពី ៧.៣% ទៅ ៨.០% វិស័យឧស្សាហកម្មធ្លាក់ចុះពី ៥.៨% ទៅ ៤.៨% វិស័យកសិកម្មធ្លាក់ចុះបន្តិច ពី ១.១% ទៅ ០.៩%។
ដោយឡែក អត្រាអតិផរណាសម្រាប់ឆ្នាំនេះ នៅតែអាចរក្សាបាននៅអត្រា ៣.០% ហើយក្នុងឆ្នាំ២០២៤ ស្ថិតនៅអត្រា ៤.០% ដដែល។
គួរបញ្ជាក់ថា ទំហំទុនវិនិយោគរបស់ ADB នៅក្នុងប្រទេសកម្ពុជា មានទំហំប្រមាណ ២.៤ពាន់លានដុល្លារ ហើយទំហំវិនិយោគប្រចាំឆ្នាំដែលនាំមុខគេពីឆ្នាំ ២០១៦ ទៅ ២០២២ គឺប្រហែល ៣៥០លានដុល្លារ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺកំពុងតែរៀបចំបង្កើតយុទ្ធសាស្ត្រភាពជាដៃគូជាមួយកម្ពុជា សម្រាប់ឆ្នាំ២០២៤-២០២៨ ផងដែរ។
- Video Advertisement -