ADB សន្យាជួយកម្ពុជា សង់ស្ថានីយឧតុនិយម១ទៀត នៅព្រលានថ្មីក្រុងតាខ្មៅ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងមុតមាំថានឹងផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar(ស្ថានីយឧតុនិយម) តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងករណីដែលហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។ នេះបើតាមកិច្ចពិភាក្សារវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ការពង្រឹងលើប្រព័ន្ធព្យាករណ៍ ប្រព័ន្ធប្រកាសអាសន្ននិងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាកិច្ចការចាំបាច់ ដើម្បីឈានទៅកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយការខាតបង់ផ្នែកសេដ្ឋកិច្ច។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី ជួយពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានាផងដែរ។
ជាការឆ្លើយតប លោក Tom Panella តំណាងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ពីជំហរយ៉ាងមុតមាំថានឹងពិចារណាលើការផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar តេជោសែនទី២ នៅកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងករណីដែលហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម កំពុងដំណើរការគម្រោងចំនួន២ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ។
គម្រោងទាំង២នោះរួមមាន៖ ទី១_គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (TAIP) និង ទី២_គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន(CFAVC)។
ក្រៅពីនេះ ក្រសួងក៏កំពុងសិក្សាគម្រោងចំនួនពីរទៀតគឺ ទី១_គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRM) និង ទី២_គម្រោងធារាសាស្រ្តធន់អាកាសធាតុ និងកសិកម្មដែលមានភាពធន់ និងមាននិរន្តរភាព (CAISAR)៕
- Video Advertisement -