Bentley នឹងប្រើប្រាស់កម្រិតរូបភាពគុណភាពខ្ពស់របស់ Google បញ្ចូលជាមួយ AI ដើម្បីបង្កើនប្រសិទ្ធិភាពត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការវាយតម្លៃការខូចខាត
ក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដ៏ល្បី Bentley Systems របស់អាមេរិកបានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Google កាលពីថ្ងៃទី 9 មេសា 2025 នៅ Las Vegas ក្នុងការប្រើប្រាស់រូបភាពដែលមានការយល់ដឹង ឬរូបភាពដែលមានព័ត៌មានពេញលេញចេញពីកម្មវិធី Google Maps Platform ដើម្បីស្វែងរក និងវិភាគស្ថានភាពបណ្តាញផ្លូវថ្នល់បានយ៉ាងឆាប់រហ័ស។ ការចាប់ដៃគូនេះ បានប្រកាសក្នុងព្រឹត្តិការណ៍ Google Cloud Next 2025 អំពីសមត្ថភាពថ្មីរបស់ Bentley លើកម្មវិធី Blyncsy ដែលប្រើប្រាស់ AI ដើម្បីវិភាគរូបភាពចេញពីប្រភពដ៏សម្បូរបែបសម្រាប់គោលដៅជាក់លាក់ក្នុងការវិភាគ និងត្រួតពិនិត្យបណ្តាញផ្លូវថ្នល់សាធារណៈជាស្វ័យប្រវត្តិ និងជួយដល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងការកែលម្អថែទាំផ្លូវ និងជួយដល់វិធានសុវត្ថិភាព ឬតម្រូវការពេលជួបគ្រោះមហន្តរាយធម្មជាតិ។
ក្រុមហ៊ុន Bentley និង Google បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែតុលា ឆ្នាំ 2024 ដើម្បីរួមបញ្ចូលមាតិកាភូមិសាស្ត្រជាមួយគុណភាពរូបភាពកម្រិតខ្ពស់របស់ Google ទៅក្នុងកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley ដើម្បីកែលម្អអំពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានរចនា សាងសង់ និងប្រតិបត្តិការ។ ការរួមបញ្ចូលគ្នានូវរូបភាពបង្កប់ជាព័ត៌មានពេញលេញតែមួយគត់ក្នុង Google Street View, Vertex AI និង Blyncsy ដែលវានឹងពង្រឹងសមត្ថភាពនៃនាយកដ្ឋានដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុនវិស្វកម្ម និងក្រុមហ៊ុនទីប្រឹក្សាគម្រោងប្លង់ អាចកំណត់តំបន់ដែលមានការសង្ស័យ និងវិភាគការប្រែប្រួលអំពីស្ថានភាពផ្លូវថ្នល់ទៅតាមពេលវេលាជាក់ស្តែងដែលគេត្រូវការ។
ការបន្ថែមរូបភាពបែប Panoramic ជាសកលរបស់ Google Street View អនុញ្ញាតឱ្យ Bentley អាចវិភាគលម្អិតនូវទ្រព្យសកម្មជាមួយនឹងប្រភពឯកសារយោងដែលអាចមើលឃើញ ខណៈដែល Vertex AI របស់ Google បន្ថែមសមត្ថភាពក្នុងការបង្កើត និងថែទាំគំរូដើម្បីជូនដំណឹងដល់ភ្នាក់ងារសេវាដឹកជញ្ជូនអំពីស្ថានភាពប្រែប្រួលទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធជាមុន មុនពេលវាអាចក្លាយជាគ្រោះថ្នាក់ដល់សុវត្ថិភាពធ្វើដំណើរ។ បន្ថែមពីលើការគាំទ្រដល់សកម្មភាពថែទាំផ្លូវ សមត្ថភាពទាំងនេះក៏អាចជួយក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិកើតឡើង ដោយផ្តល់នូវដំណោះស្រាយដ៏មានប្រសិទ្ធិភាពសម្រាប់ធ្វើការវាយតម្លៃការខូចខាតយ៉ាងឆាប់រហ័ស ដែលអាចជួយសហគមន៍រងគ្រោះកសាងឡើងវិញបានលឿនជាងមុន។
លោក Mark Pittman នាយកផ្នែកដឹកជញ្ជូននៃកម្មវិធី AI នៅក្រុមហ៊ុន Bentley បានពិពណ៌នាថា “យើងមានប្រវត្តិជាអ្នកឈានមុខក្នុងការអនុវត្តរូបភាពដែលបានរៀបចំឡើងវិញសម្រាប់ការថែទាំផ្លូវថ្នល់ ហើយការបន្ថែមរូបភាព 360 ដឺក្រេ និង AI របស់ Google នឹងពង្រឹងសមត្ថភាពបន្ថែមទៀតនៃតម្លៃដែល Bentley ផ្តល់ជូនដល់នាយកដ្ឋានដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនវិស្វកម្មនៅទូទាំងពិភពលោក។ ការពង្រីកទំនាក់ទំនងរបស់យើងជាមួយ Google នឹងអនុញ្ញាតឱ្យយើងអភិវឌ្ឍបន្ថែមទៀតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលកំពុងរីកចម្រើនខ្លាំងរបស់យើង”។
លោក Yael Maguire អនុប្រធាន និងជាអ្នកគ្រប់គ្រងទូទៅរបស់ Google ទទួលបន្ទុកក្នុងកម្មវិធី Google Maps Platform & Google Earth បាននិយាយបន្ថែមថា “ការគ្រប់គ្រងអាជីវកម្ម និងទីក្រុងបានពឹងផ្អែកជាយូរមកហើយលើព័ត៌មានថ្មីៗ និងទូលំទូលាយពីផែនទីរបស់យើងដើម្បីទទួលបានការយល់ដឹងអំពីពិភពលោក។ ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររបស់យើង Bentley បានរួមបញ្ចូលនូវដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធឈានមុខគេក្នុងឧស្សាហកម្មជាមួយនឹងបច្ចេកវិទ្យា AI របស់ Google ដូចជា Vertexanas, Street View និងបច្ចេកវិទ្យាដ៏មានឥទ្ធិពលផ្សេងៗទៀត ដោយនាំយកការវិភាគដ៏អស្ចារ្យដល់អ្នកគ្រប់គ្រងក្នុងវិស័យសាធារណៈ និងឯកជន ដែលត្រូវការការយល់ដឹងបន្ថែមអំពីចល័តភាពសម្រាប់ធ្វើការសម្រេចចិត្តជាមួយព័ត៌មានពេញលេញ។