CCA ប្រារព្ធកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី៥

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនូវកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី៥ និងពិធីជប់លៀងបណ្តាញពាណិជ្ជកម្មលើកទី៦ ក្នុងអំឡុងពេលពិព័រណ៍ឧស្សាកម្មសំណង់កម្ពុជាលើកទី៣ នៅថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០១៦។

កម្មវិធីនេះប្រារព្ធឡើងនៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រុមហ៊ុនសាងសង់និងអចលនទ្រព្យនាំមុខគេនៅកម្ពុជាក្នុងតំបន់ និងអន្តរជាតិ។

CCA ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីខែតុលា ឆ្នាំ២០១១។ ក្នុងរយៈពេលខ្លីបន្ទាប់ពីការបង្កើត CCA បានចូលរួមជាមួយសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) ដែលតំណាងឲ្យអ្នកម៉ៅការសាងសង់នៅតំបន់អាស៊ីអាគ្នេយ៍។

កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី៥ របស់ CCAចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន សមាគមនេះបានរៀបចំជាការជួបប្រជុំទូទៅប្រចាំឆ្នាំបន្តបន្ទាប់គ្នាដើម្បីចែករំលែកសមិទ្ធផលរបស់ខ្លួនពេញមួយឆ្នាំ និងដើម្បីលើកទឹកចិត្តឲ្យមានការចូលជាសមាជិកបន្ថែមទៀត។ សន្និសីទនេះបានប្រមូលផ្តុំនូវអ្នកតំណាងជាន់ខ្ពស់មកពីសមាជិករបស់ខ្លួន និងក្រុមហ៊ុនផ្សេងទៀតដើម្បីចងជាបណ្តាញ និងពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសដែលឧស្សាហកម្មនេះនៅកម្ពុជាកំពុងតែជួបប្រទះ។

ឥឡូវនេះ នៅពេលខិតជិតដល់ខួបលើកទី ៦ របស់ខ្លួន សមាជិកភាពរបស់ CCA បានកើនឡើងពីចំនួន ២៣ នៅឆ្នាំ ២០១២ ដល់ ៥០ នៅឆ្នាំ ២០១៣ ចំនួន ៨០ នៅឆ្នាំ ២០១៤ ចំនួន ១១០ នៅឆ្នាំ ២០១៥ និងចំនួន ១២០ នៅឆ្នាំ ២០១៦។ សមាជិករបស់សមាគមមានអ្នកម៉ៅការសាងសង់ក្នុងស្រុក និងអន្តរជាតិ អ្នកអភិវឌ្ឍន៍ អ្នកផ្គត់ផ្គង់សម្ភារសំណង់ ក្រុមហ៊ុនទិញលក់អចលនទ្រព្យ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង។

កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី ៥ របស់ CCA ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ០១ ខែធ្នូ ដែលមានអ្នកចូលរួមជិត ៣០០ នាក់មកពីក្រុមហ៊ុនជាសមាជិក មន្ត្រីរដ្ឋាភិបាល និងតំណាងក្រុមហ៊ុន និងសមាគមសំណង់ក្នុងស្រុក និងអន្តរជាតិ។

លោកបណ្ឌិត តាន់ មុនីវណ្ណ តំណាងលោកឧកញ៉ា ម៉ុង ឫទ្ធី និងជាអគ្គលេខាធិការសមាគម CCA បានប្រកាសថា សមាគមបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីកិច្ចសហប្រតិបត្តិការការបណ្តុះបណ្តាលបច្ចេកទេស និងអនុស្សរណៈយោគយល់ជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការងារសំណង់អគារ។

ក្នុងលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្ដរជាតិវិញ CCA បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន និងសមាគមអន្តរជាតិជាច្រើន ដើម្បីបង្កើតផលប្រយោជន៍ទៅវិញទៅមក។ នៅឆ្នាំ ២០១៤ សមាគមនេះបានចូលជាសមាជិកគណៈកម្មាធិការសម្ភារសំណង់អគារចិន-អាស៊ាន ហើយនៅឆ្នាំ ២០១៦ សមាគមបានចូលជាសមាជិកនៃសមាគមសហព័ន្ធអ្នកម៉ៅការសាងសង់អន្តរជាតិអាស៊ីនិងប៉ាស៊ីហ្វិកខាងលិច (IFAWPCA)។

ប្រធាន CCA អ្នកឧកញ៉ា ពុង ឃាវសែ បានប្រាប់សន្និសីទកំពូលថា ការរៀបចំព្រឹត្តិការណ៍ទាំងនេះផ្តល់នូវអត្ថប្រយោជន៍សម្រាប់សមាជិករបស់សមាគម ដោយការជំរុញឧស្សាហកម្មសំណង់របស់ប្រទេសកម្ពុជា។

លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការយ៉ាងកក់ក្តៅរបស់សមាគមជាមួយរដ្ឋាភិបាលព្រមទាំងទីភ្នាក់ងារដែលធ្វើការពាក់ព័ន្ធនឹងការសាងសង់ក្នុងស្រុក និងអន្តរជាតិ។

អ្នកឧកញ៉ា ពុង ឃាវសែ បានបន្ថែមថា លោកសង្ឃឹមថាការគាំទ្រយ៉ាងខ្លាំងរបស់ចិនចំពោះសមាគម CCA នៅក្នុងគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធ “One Belt One Road” តាមរយៈទំនាក់ទំនងចិន អាស៊ាន នឹងផ្តល់មកវិញនូវការដែលសមាជិករបស់សមាគមទទួលបានកិច្ចសន្យាសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ និងដែលឆ្លងកាត់ប្រទេសកម្ពុជា។

លោក Nattaphorn Bhromsuthi ប្រធានសហព័ន្ធ ACF បានអបអរសាទរដល់សមាគម CCA ដែលបានក្លាយជាសមាជិក ACF ទី៧ និងសម្រាប់ការខិតខំប្រឹងប្រែងរបស់សមាគមក្នុងការគាំទ្រ និងថែរក្សាបាននូវកំណើនប្រកបដោយស្ថិរភាពរបស់ ACF ។

លោកបានថ្លែងថា៖ “កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តបែបនេះ នឹងក្លាយជាគ្រឹះរឹងមាំសម្រាប់វិបុលភាពរបស់អាស៊ាន ហើយនឹងជាផ្នែកសំខាន់ក្នុងការធានានូវតួនាទីរបស់អាស៊ានជាតំបន់សេដ្ឋកិច្ចមានការប្រកួតប្រជែង។”

ឯកឧត្តម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានធ្វើជាគណៈអធិបតីក្នុងពិធីបើក បានឯកភាពលើសារៈសំខាន់ដែល CCA អាចប្រមូលផ្តុំសមាជិកជាច្រើនដើម្បីអាចផ្សព្វផ្សាយព័ត៌មានបច្ចេកទេសងាយស្រួល ផ្តល់នូវការប្រឹក្សាផ្នែកការគ្រប់គ្រង និងការផ្តល់យោបល់លើផ្នែករដ្ឋបាល តុលាការ ការផ្តួចផ្តើមខាងសុខភាព និងសុវត្ថិភាពសំណង់។

ពិព័រណ៍ប្រចាំឆ្នាំលើកទី ៣ របស់ CCA

CCA ក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ប្រចាំឆ្នាំលើកទី៣ “ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា” ពីថ្ងៃទី ០១ ដល់ទី ០៣ ខែធ្នូ ឆ្នាំ ២០១៦ នៅសាលពិព័រណ៍កោះពេជ្រ។ នៅពិព័រណ៍លើកទី ១ មានក្រុមហ៊ុនចូលរួមជាង ១០០ និងមានស្តង់ទំនិញ ២២០ និងភ្ញៀវចូលរួមជាង ៥៣០០នាក់។ ចំពោះការតាំងពិព័រណ៍លើកទី ២ មានស្តង់ជាង ៣០០ មកពីក្រុមហ៊ុនជាង ១០០ ហើយក្នុងចំណោមភ្ញៀវដែលអញ្ជើញចូលរួម ១១.១៧៩ នាក់ មានអ្នកជំនាញ ៧.១៦៩ នាក់ មកពីឧស្សាហកម្មសំណង់ និងអចលនទ្រព្យ។

ពិព័រណ៍នេះត្រូវបានបែងចែកជាបីផ្នែកគឺ ផ្នែកក្រុមហ៊ុនអចលនទ្រព្យ ធនាគារ និងធានារ៉ាប់រង ផ្នែកសម្ភារសំណង់ និងការតុបតែង និងផ្នែកអគ្គិសនី បំពង់ទឹក និងការផ្គត់ផ្គង់ទឹក ម៉ាស៊ីន មេកានិចនិងស៊ុមដែកថែប។ នៅក្នុងការតាំងបង្ហាញ មានផលិតផល និងសេវាកម្មជាច្រើនប្រភេទមកពីឧស្សាហកម្មសំណង់ និងអចលនទ្រព្យ។

ប្រធាន CCA អ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងថា “ការតាំងពិព័រណ៍នេះត្រូវបានរៀបចំដើម្បីបង្ហាញពីសក្តានុពលវិនិយោគរបស់ប្រទេសកម្ពុជានៅក្នុងឧស្សាហកម្មសំណង់ ព្រោះថាមានអគារខ្ពស់កាន់តែច្រើនឡើងកំពុងត្រូវបានសាងសង់ឡើងនៅរាជធានីភ្នំពេញ និងដែលត្រូវបានសាងសង់ស្របតាមស្តង់ដារទំនើប និងអន្តរជាតិ។

ក្នុងចំណោមការអភិវឌ្ឍន៍ទាំងនេះ មួយចំនួនត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនសមាជិករបស់ CCA។”

ពិធីជប់លៀងបណ្តាញអាជីវកម្មលើកទី ៦ របស់ CCA

ក្នុងអំឡុងពេលពិព័រណ៍ CCA ក៏បានរៀបចំពិធីជប់លៀងបណ្តាញអាជីវកម្មលើកទី ៦ នៅថ្ងៃទី ៣ ខែធ្នូ ដោយមានអ្នកចូលរួមជាង ៣០០ នាក់មកពីសមាជិករបស់ CCA និងអ្នកតាំងពិព័រណ៍។

សមាគមក៏បានឲ្យអ្នកដែលអ្នកចូលរួមតាំងពិព័រណ៍ដែលមានប្រាំស្តង់ឬច្រើន ដើម្បីធ្វើបទបង្ហាញរយៈពេល១០នាទី អំពីអាជីវកម្មរបស់ខ្លួនទៅកាន់អ្នកចូលរួមផងដែរ។ ក្នុងនោះមានក្រុមហ៊ុនចំនួន៨ ដែលទទួលបានឱកាសនេះមានដូចជា Olympia City និង Elyse ដែលជាការអភិវឌ្ឍដោយក្រុមហ៊ុនសាជីវកម្មវិនិយោគកម្ពុជាក្រៅប្រទេស (OCIC), Khi Brand, UD Design Build, Nikken International Asia, K Cambodia, Meng Leng Eev, Smart Dragon Group។

ថ្លែងក្នុងនាមតំណាងឲ្យប្រធាន CCA នៅក្នុងពិធីជប់លៀងនេះ លោក Charles Vann ប្រធានស្តីទី CCA បានប្តេជ្ញាចិត្តនាំយកនូវអត្ថប្រយោជន៍បន្ថែមទៀតដល់សមាជិក CCA តាមរយៈការផ្តួចផ្តើមនានា ក្រៅពីពិព័រណ៍ប្រចាំឆ្នាំ សិក្ខាសាលា និងពិធីជប់លៀងបណ្តាញអាជីវកម្ម។

លោកបានថ្លែងថា ៖ “តាមរយៈសមិទ្ធផល និងសកម្មភាពជាច្រើន យើងអាចមើលឃើញថា សមាគម CCA ដែលមានអាយុកាល ៥ឆ្នាំ នេះបានចូលរួមចំណែកយ៉ាងសំខាន់ដល់វិស័យសំណង់ឯកជន ព្រោះថាសមាជិករបស់យើង គឺមកពីគ្រប់ផ្នែកទាំងអស់នៃឧស្សាហកម្មសំណង់។”

លោក Vann បានអំពាវនាវដល់សមាជិកទាំងអស់ឲ្យពង្រឹងទំនាក់ទំនងដើម្បីជួយអភិវឌ្ឍឧស្សាហកម្មនេះ។ លោកក៏បានសម្តែងនូវបំណងរបស់លោកក្នុងការមើលឃើញក្រុមហ៊ុនសាងសង់ជាច្រើនទៀតក្លាយជាសមាជិកតាមរយៈបំណងប្រាថ្នាដូចគ្នាក្នុងការជំរុញឧស្សាហកម្មសំណង់របស់ប្រទេសកម្ពុជា។”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]