CCA ផ្តល់ហិរញ្ញប្បទានសម្រាប់ក្លោងទ្វារធំចំនួនពីរចូលឆ្នេរសមុទ្រ
សមាគមអ្នកសាងសង់កម្ពុជា (CCA) បានប្រកាសថាខ្លួននឹងផ្តល់ហិរញ្ញប្បទានសាងសង់ច្រកទ្វារឆ្នេរចំនួនពីរនៅឆ្នេរឯករាជ្យ។
ក្នុងពេលជំនួបនាថ្ងៃទី ២៣ ខែមិថុនា ជាមួយឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) ឧកញ៉ា ពុង ឃាវសែ ប្រធាន CCA បានស្នើឡើងថាសមាគមនេះនឹងរួមចំណែកដល់ការចំណាយសាងសង់ច្រកទ្វារឆ្នេរទាំងពីរនៅឆ្នេរឯករាជ្យ។
ខណៈដែលការរចនាប្លង់សម្រាប់ច្រកទ្វារទាំងពីរនេះកំពុងត្រូវបានសម្រេចបញ្ចប់ គេរំពឹងថា ប្លង់ច្រកទ្វារទាំងពីរនឹងមានរួមបញ្ចូលរចនាប័ទ្មស្ថាបត្យកម្មកម្ពុជា និងជួយបង្កើនសម្រស់តំបន់ឆ្នេរសម្រាប់ភ្ញៀវទេសចរណ៍។ ការរចនាប្លង់ដោយមានរបងនេះ ក៏បានគិតគូរ សម្រាប់ជនពិការមានភាពងាយស្រួលចូលទៅកាន់តំបន់ឆ្នេរផងដែរ។
បើយោងតាម ឯកឧត្ដម ជា សុផារ៉ា ដែលជាប្រធាននៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា រដ្ឋាភិបាលនឹងកសាងច្រកទ្វារចូលសម្រាប់ឆ្នេរទាំងប្រាំបួននៃខេត្តព្រះសីហនុ បន្ទាប់ពីបានដកចេញពីទ្រព្យសម្បត្តិឯកជនពីឆ្នេរទាំងអស់នៅខេត្តព្រះសីហនុ។
លោក អ៊ុង សុធារិទ្ធ ប្រធានហិរញ្ញវត្ថុ និងរដ្ឋបាលនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងថា «នឹងមានច្រកទ្វារយ៉ាងហោចណាស់ចំនួន ១៦ សម្រាប់ឆ្នេរមួយចំនួននៅក្នុងខេត្តព្រះសីហនុ ដោយចាប់ផ្តើមពីច្រកទ្វារចំនួន ៨ នៅឆ្នេរអូរឈើទាល ច្រកទ្វារចំនួនបួននៅឆ្នេរឯករាជ្យ និងច្រកទ្វារចំនួនប្រាំពីរនៅឆ្នេរអូរត្រេះ និងច្រកទ្វារជាច្រើនទៀតនៅឆ្នេរផ្សេងៗទៀត»។
គណៈកម្មាធិការបានប្រកាសពីការប្រកួតប្រជែងរចនាប្លង់ច្រកទ្វារទៅកាន់សាធារណជន ដើម្បីស្វែងរកអ្នករចនាដែលល្អបំផុត។ រាជរដ្ឋាភិបាលកំពុងស្វែងរកម្ចាស់ជំនួយបន្ថែមទៀតផងដែរ ដើម្បីជួយកសាងទ្វារច្រកទ្វារឆ្នេរសមុទ្រ។ ការសាងសង់ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ក្នុងអំឡុងពេលបុណ្យឆ្នេរជាតិ។
សំណង់ច្រកទ្វារនេះ គឺជាផ្នែកមួយនៃកម្មវិធីរបស់រាជរដ្ឋាភិបាលជារួមក្នុងការអភិវឌ្ឍន៍ឡើងវិញ និងបង្កើនសម្រស់នៃឆ្នេរសមុទ្រកម្ពុជា ដោយចាប់ផ្តើមពីខេត្តព្រះសីហនុ មុនពេលបន្តទៅកាន់ខេត្តកែប កំពត និងកោះកុង។
- Video Advertisement -