CDC អនុម័តគម្រោងបង្កើតរោងចក្រសម្ភារសំណង់ ៤កន្លែងតម្លៃជាង ៣៥ លានដុល្លារ
រូបភាពគំរូ ប្រភព Doha Cables
គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៤ ក្នុងការវិនិយោគលើទឹកប្រាក់ជាង ៣៥ លានដុល្លារ សាងសង់រោងចក្រសម្ភារសំណង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ដែលនឹងជួយបង្កើតការងារជាង ១៦០០ កន្លែងដល់ប្រជាជនក្នុងតំបន់។
ក្រុមហ៊ុនទាំង ៤ នោះរួមមាន ក្រុមហ៊ុន Fashion Houseware (Cambodia) Co., Ltd ក្រុមហ៊ុន Tubao (Cambodia) Decoration Material Co., Ltd ក្រុមហ៊ុន Zhongqi Lihui Cable Co., Ltd និងក្រុមហ៊ុន Wintime (Cambodia) Co., Ltd។
ក្រោមទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក ក្រុមហ៊ុន Fashion Houseware (Cambodia) Co., Ltd គ្រោងនឹងបង្កើតរោងចក្រផលិតសម្ភារក្នុងផ្ទះ គ្រឿងតុបតែងក្នុងពិធីបុណ្យណូអែល សម្ភារសម្រាប់ម៉ាស៊ីនដេរ និងសម្ភារផ្សេងៗទៀត។ រោងចក្រនេះនឹងមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលនឹងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។
ដោយឡែក ក្រុមហ៊ុន Tubao (Cambodia) Decoration Material Co., Ltd នឹងវិនិយោគទឹកប្រាក់ចំនួន ១,៥លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលគម្រោងនេះនឹងអាចបង្កើតការងារបានចំនួន ១០០កន្លែង។
ជាមួយគ្នានេះដែរ CDC ក៏បានអនុម័តឲ្យក្រុមហ៊ុន Zhongqi Lihui Cable Co., Ltd បោះទុនវិនិយោគចំនួន ២០,១លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ ដែលគម្រោងនេះនឹងជួយបង្កើតការងារបានចំនួន ៤៣៩កន្លែង។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Wintime (Cambodia) Co., Ltd នឹងបង្កើតរោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងអំពូលភ្លើងលម្អគ្រប់ប្រភេទ ដែលនឹងមានទីតាំងវិនិយោគស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ខេត្តស្វាយរៀង។ គម្រោងនេះមានទុនវិនិយេាគប្រមាណ ២,៤៣លានដុល្លារអាមេរិក ហើយនឹងអាចបង្កើតការងារបានចំនួន ៦៥១កន្លែង។
គួរបញ្ជាក់ងផងដែរថា វិស័យសំណង់នៅកម្ពុជាចាត់ទុកថាជាវិស័យមួយដែលកំពុងតែមានសន្ទុះយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដែលជាកត្តាជំរុញឲ្យការវិនិយោគលើទីផ្សារសម្ភារសំណង់បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។ នេះបើយោងតាមប្រសាសន៍របស់លោក ជីវ សុីវផេង នាយកគ្រប់គ្រងទូទៅនៃលេខាធិការដ្ឋានសមាគមអ្នកសាងសង់កម្ពុជា។

