CDC អនុម័តគម្រោងបង្កើតរោងចក្រសម្ភារសំណង់ ៤ កន្លែងតម្លៃជាង ២៥ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា (CDC) កាលពីពេលថ្មីនេះ បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ៤ ក្នុងការវិនិយោគលើទឹកប្រាក់ជាង ២៥ លានដុល្លារ សាងសង់រោងចក្រសម្ភារសំណង់នៅខេត្តព្រះសីហនុ និងស្វាយរៀង ដែលគម្រោងទាំង៤ នេះ នឹងជួយបង្កើតការងារជាង ១០០០ កន្លែងដល់ប្រជាជនក្នុងតំបន់។

ក្រុមហ៊ុនទាំង ៤ នោះរួមមាន ក្រុមហ៊ុន Kaining Metal Product (Cambodia) Co.,Ltd ក្រុមហ៊ុន Hong Yao Cable & Wire (Cambodia) Co.,Ltd ក្រុមហ៊ុន Run Yang & Run Jie (Cambodia) Logistic Safety Equipment Manufacturing Co.,Ltd និងក្រុមហ៊ុន Cambodian Saiban Wood Co.,Ltd។

សម្រាប់ក្រុមហ៊ុន Kaining Metal Product (Cambodia) Co.,Ltd គឺនឹងវិនិយោគទឹកប្រាក់ប្រមាណ ៨,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសម្ភារ: បរិក្ខារលម្អ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលគម្រោងនេះនឹងជួយបង្កើតការងារបានចំនួន ៥៤០ កន្លែង។

ដោយឡែក ក្រុមហ៊ុន Hong Yao Cable & Wire (Cambodia) Co.,Ltd គ្រោងនឹងបង្កើតចក្រផលិតអំពូលភ្លើងលម្អ និងខ្សែកាប ដោយប្រើប្រាស់ទុនវិនិយោគប្រមាណ ៥,៧ លានដុល្លារអាមេរិក ក៏ដូចជាអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

គម្រោងទាំង២ ខាងលើនេះ នឹងមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង។
ក្រុមហ៊ុនទី ៣ គឺក្រុមហ៊ុន Run Yang & Run Jie (Cambodia) Logistic Safety Equipment Manufacturing Co.,Ltd ដែលនឹងបោះទុន ៩,១លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសម្ភារ: បរិក្ខារលើកដាក់ទំនិញ។ ចំណែកឯ ក្រុមហ៊ុន Cambodian Saiban Wood Co.,Ltd គឺនឹងវិនិយោគទឹកប្រាក់ប្រមាណ ១,៩ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងសង្ហារិម។

គម្រោងទាំង ២ នេះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌានចេជាងហ្គ័រជី ខេត្តព្រះសីហនុ ហើយនឹងជួយបង្កើតការងារសរុបប្រមាណ ២៦៥ កន្លែង ដល់ប្រជាជនក្នុងតំបន់។

គួរបញ្ជាក់ងផងដែរថា វិស័យសំណង់នៅកម្ពុជាចាត់ទុកថាជាវិស័យមួយដែលកំពុងតែមានសន្ទុះយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដែលជាកត្តាជំរុញឲ្យការវិនិយោគលើទីផ្សារសម្ភារសំណង់បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]