CDC អនុម័តគម្រោងវិនិយោគជាង ២៣ប៊ីលានដុល្លារពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧

ចាប់ពីឆ្នាំ២០១៣-២០១៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៩៧០គម្រោង ស្មើនឹងទឹកប្រាក់ ២៣,៤៨ប៊ីលានដុល្លារ ដែលក្នុងនោះមាន ៣៥ ភាគរយគឺការវិនិយោគទាក់ទងនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាមរបាយការណ៍ស្ដីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ដែលបានចេញផ្សាយក្នុងគេហទំព័ររបស់ក្រសួងព័ត៌មាន។

បើយោងតាមរបាយការណ៍ដដែល គម្រោងវិនិយោគនេះរួមទាំងការវិនិយោគក្នុងនិងក្រៅប្រទេស ដែលជាការបូកសរុបទាំងការបង្កើតគម្រោងថ្មី ក៏ដូចជាការពង្រីកលើគម្រោងដែលមានស្រាប់។ ហើយការវិនិយោគនេះបានជួយបង្កើតការងារថ្មីដល់ប្រជាជនកម្ពុជាប្រមាណ ២១០,០០០ កន្លែងក្នុងមួយឆ្នាំៗ។

ក្នុងចំណោមគម្រោងទាំងអស់ គម្រោងវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺនាំមុខគេប្រមាណ ៣៥ ភាគរយ សរុប ៤៤គម្រោង ដែលស្មើនឹងទឹកប្រាក់ប្រហែល ៨ប៊ីលានដុល្លារអាមេរិក។ បន្ទាប់មកគឺគម្រោង វិស័យឧស្សាហកម្ម និងកម្មន្តសាល ដែលមានចំណែក ៣១ភាគរយ (៧ប៊ីលានដុល្លារ) វិស័យទេសចរណ៍ប្រមាណ ២២ភាគរយ (៥ប៊ីលានដុល្លារ) និងវិស័យកសិកម្ម និងកសិឧស្សាហកម្មប្រមាណ ១២ភាគរយ (២ប៊ីលានដុល្លារ)។

- Video Advertisement -