Hong Leong Group ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ខណៈកំពុងដំណើរការអាជីវកម្មក្នុងវិស័យធនាគារ
ក្រុមហ៊ុន Hong Leong Manufacturing Group(HLMG) ដែលមានជំនាញផ្នែកអចលនទ្រព្យឈានមុខគេមួយ មានបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលមួយចំនួននៅកម្ពុជានាពេលខាងមុខនេះ។ នេះបើយោងតាមជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនោះ លោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមានប្រតិបត្តិការលើអាជីវកម្មលើជំនាញអចលនទ្រព្យ ហិរញ្ញវត្ថុ កម្មន្តសាល និងបច្ចេកវិទ្យា។ លោកថា ក្រុមហ៊ុន ក៏មានប្រតិបត្តិការអាជីកម្មនៅតាមបណ្ដាប្រទេសមួយចំនួន រួមមាន៖ ប្រទេសចិន ហុងកុង អង់គ្លេស អឺរ៉ុប ប្រទេសក្នុងតំបន់អាស៊ាន ដែលក្នុងនោះក៏មានកម្ពុជាផងដែរ ។
ប្រធានក្រុមហ៊ុនខាងលើ បន្តថា បច្ចុប្បន្ននៅកម្ពុជា ក្រុមហ៊ុនកំពុងដំណើរការអាជីវកម្មក្នុងវិស័យធនាគារ ហើយតាមរយៈបទពិសោធន៍របស់ក្រុមហ៊ុននៅកម្ពុជាក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើននៅកម្ពុជា និងមានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅទីនេះបន្ថែមទៀតផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្តេចថា ការវិនិយោគនៅកម្ពុជា មិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សាក្នុងតំបន់ និងសកលលោកតាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
សម្តេចធិបតី ក៏ជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបន្លាស់យានយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ ខណៈរដ្ឋាភិបាលបានត្រៀមជាស្រេចដើម្បីជួយគាំទ្រ និងបង្កភាពងាយស្រួលដល់ភាពជោគជ័យរបស់បណ្តាក្រុមហ៊ុននានា ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា។
បើយោងតាមសន្និបាតបូកសរុបការងារ របស់ក្រសួងរៀបចំដែនដី កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២៤ ក្រសួង បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៦៧.៦៩៦គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួនជាង ១៩៧លានម៉ែត្រក្រឡា និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៧៨.៩៦៩លានដុល្លារ៕ (អានបន្ថែម)
- Video Advertisement -