JICA បានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ នៅកម្ពុជា
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានប្រគល់សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលក្រសួងចាត់ទុកជាធាតុចូលមួយដ៏សំខាន់ក្នុងកិច្ចការងារនេះ។
ពិធីប្រគល់សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងនៅថ្ងៃទី ១៦ ខែឧសភា រវាងឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី Miyahara Ai តំណាងជាន់ខ្ពស់នៃការិយាល័យ JICA ប្រចាំនៅកម្ពុជា។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប៉ាល់ ចន្ទតារា មានប្រសាសន៍ថា ប្រទេសជប៉ុនមានបទពិសោធន៍ច្រើន និងឈានមុខគេនៅក្នុងតំបន់លើការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ឯកឧត្តមរដ្ឋលេខាធិការថ្លែងថា៖ “ទីភ្នាក់ងារ JICA បានផ្ដល់ជំនួយកម្រិតបច្ចេកទេសលើការជួយពិនិត្យ ផ្ដល់ធាតុចូល មតិយោបល់ និងអនុសាសន៍ល្អៗ និងបានកែសម្រួលសេចក្តីព្រាងដំបូងនៃច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់របស់ ក្រសួងឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត តាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន”។
ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងនឹងដាក់ឆ្លងយោបល់គណៈកម្មាធិការអន្តរក្រសួង មុននឹងដាក់ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ។

