JICA: ប្រទេសកម្ពុជាត្រូវការធនធានវិស្វករចំនួន ៣៥០០០ នាក់ពីឆ្នាំ ២០១៨ ដល់២០២០

យោងតាមការសិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA កាលពីពេលថ្មីៗនេះ ចំនួនវិស្វករជំនាញនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានតិចតួចណាស់បើធៀបទៅនឹងតម្រូវការនៃទីផ្សារការងារកម្ពុជា ដែលត្រូវការធនធានវិស្វករគុណភាណប្រមាណជា ៣៥០០០នាក់ នៅចន្លោះពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍នេះត្រូវបានលើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ អាណត្តិទី២ របស់គណៈវិស្វករកម្ពុជា នៅឯក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ៖ “បើគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាបានធ្វើការបណ្តុះបណ្តាលវិស្វករលើមុខជំនាញវិជ្ជាជីវៈវិស្វកម្ម និងបានចុះបញ្ជីវិស្វករសរុបចំនួន ៣០៤៥ នាក់ ដែលក្នុងនោះរួមមាន សំណង់ស៊ីវិល ៧៦% និងអគ្គិសនី ៧,៥% មេកានិច ៣% វិទ្យាសាស្រ្តកុំព្យូទ័រ ៣% ភូគភ្ភសាស្រ្តរ៉ែ ២% គីមីចំណីអាហារ-កសិឧស្សាហកម្ម-ទេពកោសល្យជនបទ និងធនធានទឹក ១% និងជំនាញផ្សេងៗ ៧,៥%” ។

“ចំនួននេះគឺតិចតួចណាស់បើធៀបទៅនឹងតម្រូវការនៃទីផ្សារការងារកម្ពុជា ដែលត្រូវការធនធានមនុស្សជំនាញផ្នែកវិស្វកម្មប្រមាណជា ៣៥០០០នាក់ នៅចន្លោះពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០ សម្រាប់បម្រើឱ្យវិស័យផ្សេងៗ ដូចជា វិស័យសំណង់និងអចលនទ្រព្យ វិស័យឧស្សាហកម្ម កម្មន្តសាល កសិកម្ម សេវាកម្ម និងទេសចរណ៍” ឯកឧត្តមបានបន្ត។

តម្រូវការដ៏ខ្ពស់នៃទីផ្សារការងារផ្នែកវិស្វកម្មនេះគឺដោយសារតែ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យសំណង់ក្នុងប្រទេសកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស។ ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៧ ប្រទេសកម្ពុជាមានគម្រោងសាងសង់សរុបចំនួន ៣៩៩០៣ គម្រោង ដែលមានតម្លៃវិនិយោគប្រមាណជាង ៣៧០០០ លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

បើគិតចំពោះតែឆ្នាំ ២០១៧ មានគម្រោងសាងសង់សរុបចំនួន ៣០៥២គម្រោង ដែលកើនឡើងប្រមាណ ២២,៣១ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦។

“ដូច្នេះក្នុងនាមយើងជាមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយើងបាននិងកំពុងខិតខំប្រឹងប្រែងបង្កើនធនធានមនុស្សដែលមានគុណភាពនិងជំនាញផ្នែកវិស្វកម្មបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ ដែលគណៈវិស្វករកម្ពុជាមានតួនាទីយ៉ាងសំខាន់ក្នុងការបំពេញភារកិច្ចមួយនេះ” ឯកឧត្តមពេជ សោភ័ន បានបន្ត។

- Video Advertisement -