Nagaទិញដីអតីតអគារប៊ូលឌីងសាងសង់គម្រោងទី៣តម្លៃ៤ពាន់លានដុល្លារអាមេរិក

ក្រុមហ៊ុន NagaCorp Ltd ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងបានប្រកាសផែនការសាងសង់គម្រោង Naga 3 បន្ទាប់ពីក្រុមហ៊ុននេះ បានធ្វើការកាន់កាប់ដីទំហំជាង ១៦.០០០ម៉ែត្រការ៉េនៃអតីតអគារបូឌីង។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនដែលបានផ្ញើរជូនទៅកាន់ម្ចាស់ភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនកាលពីថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៩។

យោងតាមរបាយការណ៍កម្រាស ២៩ ទំព័រ ក្រុមហ៊ុន NagaCorp Ltd បានសរសេរថា «ក្រុមហ៊ុនរំពឹងថានឹងទទួលបានទឹកប្រាក់ប្រហែល ៣,៨ ពាន់លានទៅ ៤ ពាន់លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍគម្រោង Naga 3»។

ក្នុងនោះដែរ ក្រុមហ៊ុនបានអះអាងថា រដ្ឋាភិបាលកាលពីខែមិថុនា ឆ្នាំ ២០១៨ បាន អនុញ្ញាតជាគោលការណ៍ឲ្យ Naga 3 Company Limited សាងសង់អគារកម្សាន្តចម្រុះដែលមានអគារចំនួនបួន និងមានកម្ពស់ ៤២ ជាន់ នៅលើអតីតអគារបូឌីង ដែលមានទំហំផ្ទៃដី ៧,៧៥៧ ម៉ែត្រការ៉េ នៅ ភូមិ ១ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។

រហូតមកដល់ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៩ ក្រុមហ៊ុនបានទិញដីបន្ថែមទំហំ ៩,០៨០ ម៉ែត្រការ៉េ ដែលជាព្រំប្រទល់ទៅនឹងអតីតអគារបូឌីង (ភូមិ ១៥ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ) ដែលនេះ បានធ្វើឲ្យក្រុមហ៊ុនមានដីទំហំសរុបរហូតដល់ទៅ ១៦,៨៣៧ ម៉ែត្រការ៉េសម្រាប់សាងសង់អគារកម្សាន្តចម្រុះ Naga 3។

របាយការណ៍នេះបានឲ្យដឹងទៀតថា៖ « Naga 3 នឹងមានការសាងសង់សណ្ឋាគារកម្ពស់៦៦ជាន់ចំនួន២ សណ្ឋាគារកម្ពស់៥៣ជាន់ចំនួន១ សណ្ឋាគារ condotel កម្ពស់៥៥ជាន់ចំនួន១ កន្លែងចំណតកម្ពស់៣ជាន់ចំនួន១ និងកន្លែងកម្សាន្តចម្រុះចំនួន១២ជាន់មួយកន្លែង»។

ក្រុមហ៊ុនបានសរសេរទៀតថា បន្ទាប់ពីបញ្ចប់ការសាងសង់ Naga 3 នេះ NagaWorld Complex ដែលរួមមាន Naga ១, ២, និង ៣, នឹងក្លាយទៅជាកន្លែងកម្សាន្តចម្រុះតាមដងទន្លេដ៏ធំបំផុតនៅលើពិភពលោក។

- Video Advertisement -