NagaWorld សម្រេចបិទទ្វារបណ្តោះអាសន្ន ក្រោយបុគ្គលិកចំនួន ១១ នាក់ ឆ្លងមេរោគកូវីដ១៩
ក្រុមហ៊ុន NagaCorp បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី ១ មីនា កន្លងមកនេះថា ក្រុមហ៊ុនសម្រេចផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្ដោះអាសន្ន បន្ទាប់ពីបុគ្គលិកចំនួន ១១ ត្រូវបានធ្វើតេស្ត៍វិជ្ជមាន មេរោគកូវីដ១៩។
យោងតាមសេចក្តីប្រកាសដដែលនេះ បុគ្គលិកចំនួន ៣០០០ នាក់ ត្រូវបានធ្វើតេស្ត៍ អំឡុងថ្ងៃទី ២៧ ខែកុម្ភៈ ហើយ ១១ នាក់ត្រូវបានរកឃើញថាមានផ្ទុកមេរោកកូវីដ១៩។ ដូច្នេះហើយ ទើបក្រុមហ៊ុនសម្រេចបិទទ្វារមួយរយៈពេលសិន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ។
សេចក្តីថ្លែងការណ៍បានបន្តទៀតថា៖ «ការផ្អាកអាជីវកម្មក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើការត្រួតពិនិត្យហ្មត់ចត់បន្ថែមទៀតអំពីវិធានការណ៍ការពារ បង្កា និងសម្អាតអគារទាំងមូល ដើម្បីសុវត្ថិភាពទាំងភ្ញៀវ និងបុគ្គលិក»។
ប្រភពដដែលបានឱ្យដឹង ក្រុមហ៊ុន NagaCorp នឹងបើកកាស៊ីណូរបស់ខ្លួនឡើងវិញ នៅពេលស្ថានភាពប្រសើរឡើង ដោយនឹងបន្តពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាល។
គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ២ មីនា ចំនួនករណីឆ្លងកូវីដ១៩ នៅកម្ពុជាមានចំនួន ៨៤៤ ករណី ហើយមាន ២៤ ករណីថ្មី។

