PESTECH មានក្តីសុបិន្តធំនៅក្នុងវិស័យថាមពលកម្ពុជា
ខណៈពេលដែលប្រទេសកម្ពុជាត្រូវការបង្កើនសមត្ថភាពថាមពលអគ្គិសនី ក្រុមហ៊ុនផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ម៉ាឡេស៊ី Pestech International Berhad បានបង្កើនការចូលរួមរបស់ខ្លួននៅក្នុងការអភិវឌ្ឍវិស័យថាមពលរបស់ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយមានគោលបំណងធំជាងមុន បន្ទាប់ពីបានទទួលពានរង្វាន់អន្ដរជាតិសម្រាប់ការរចនារចនាសម្ព័ន្ធ និងការសាងសង់សម្រាប់អត្ថប្រយោជន៍ និងការបញ្ជូនថាមពលល្អបំផុត។

ក្រុមហ៊ុន Pestech តាមរយៈក្រុមហ៊ុនបុត្តសម្ព័ន្ធ Pestech Cambodia Limited (PCL) ទទួលបានកិច្ចសន្យាពីអគ្គិសនីកម្ពុជា (EDC) នៅឆ្នាំ២០១៥ ដើម្បីសាងសង់ស្ថានីយ៍ផ្ទុកថាមពលអគ្គិសនីនៅខេត្តក្រចេះ និងខ្សែបញ្ជូនថាមពលអគ្គិសនីដែលតភ្ជាប់ពីកន្លែងផ្គត់ផ្គង់អគ្គិសនីរោងចក្រវារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងភាគឦសាននៃប្រទេសកម្ពុជាមកកាន់រាជធានីភ្នំពេញ។
គម្រោងដែលត្រូវបានរចនានិងសាងសង់ដោយក្រុមហ៊ុនម៉ាឡេស៊ីនេះ ទទួលបានពានរង្វាន់ Be Inspired សម្រាប់ស្ថាបត្យកម្មរចនាសម្ព័ន្ធនិងការសាងសង់ល្អបំផុត នៅក្នុងកម្មវិធី Year in Infrastructure 2017 ដែលជាសន្និសីទសកលមួយរៀបចំឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីហេដ្ឋារចនាសម្ព័ន្ធអាមេរិក Bentley និងត្រូវបានរៀបចំនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១២ ខែតុលា។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយទស្សនាវដ្តីសំណង់និងអចលនទ្រព្យ នៅក្រៅសន្និសីទ លោក Chong Kuen Wai ប្រធានគ្រប់គ្រងទូទៅរបស់ Pestech បានពន្យល់ថា ក្រុមហ៊ុនកំពុងសម្លឹងមើលឃើញប្រទេសកម្ពុជាជាទីស្នាក់ការរបស់ខ្លួនប្រចាំតំបន់អាស៊ីអាគ្នេយ៍ដីគោក ឬហៅថា ឥណ្ឌូចិន ព្រោះថាក្រុមហ៊ុនបានចូលរួមជាច្រើនក្នុងអាជីវកម្មថាមពលនៅក្នុងប្រទេសកម្ពុជា។

លោកក៏បានលើកឡើថថា “ក្រុមហ៊ុន Pestech គ្រោងនឹងធ្វើពិពិធកម្មខ្លួនឯងនៅក្នុងអាជីវកម្មថាមពលនៅកម្ពុជា ព្រោះគំនិតរបស់យើងគឺថាមានឱកាស និងតម្រូវការថាមពលជាច្រើននៅឥណ្ឌូចិនទាំងមូល។ ដូច្នេះយើងចង់ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលរបស់យើងក្នុងការផលិតផលិតផលថាមពលអគ្គិសនី។ នៅប្រទេសកម្ពុជា យើងចង់នាំចេញទៅប្រទេសវៀតណាម និងភ្ជាប់បណ្តាញទំនាក់ទំនងទៅកាន់ប្រទេសជិតខាងផ្សេងទៀត។”
យុទ្ធសាស្ត្រកម្រិតខ្ពស់ជាងនេះនឹងមានបន្ទាប់ពីក្រុមហ៊ុនជិតបញ្ចប់ការសាងសង់ស្ថានីយ៍ផ្ទុកថាមពលអគ្គិសនីនៅខេត្តក្រចេះ និងខ្សែបញ្ជូនថាមពលអគ្គិសនីដែលតភ្ជាប់ទៅកាន់រាជធានីភ្នំពេញតាមខេត្តកំពង់ចាម ហើយក្រុមហ៊ុននឹងប្រគល់គម្រោងនេះទៅឱ្យរាជរដ្ឋាភិបាលកម្ពុជាមិនយូរជាងនៅចុងឆ្នាំនេះទេ។
លោក Chong បានមានប្រសាសន៍ថា ក្រុមហ៊ុន Pestech Subsidiary PLC បានវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក Diamond Group ដើម្បីបង្កើតក្រុមហ៊ុនថ្មី Diamond Power Limited (DPL)នោះ ទទួលបានកិច្ចសន្យាសម្បទាន BOT (សាងសង់ ប្រតិបត្តិការ ផ្ទេរ) សម្រាប់រយៈពេល ២៥ឆ្នាំ នៅឆ្នាំ២០១៥ ដើម្បីសាងសង់ស្ថានីយផ្ទុកថាមពលអគ្គិសនី និងខ្សែបញ្ជូន។ គម្រោងបញ្ជូនថាមពលដែលមានតម្លៃ ៩២លានដុល្លារ ត្រូវបានគ្រោងនឹងបញ្ចប់ការសាងសង់នៅមុនដំណាច់ឆ្នាំ២០១៧។
ប្រហែល៩៥ ទៅ៩៨ភាគរយនៃការសាងសង់គម្រោងត្រូវបានសាងសង់រួចរាល់ ហើយគ្រោងនឹងប្រគល់ឲ្យ EDC មួយខែមុន នេះបើយោងតាមលោក Chong។

លោក Chong បានលើកឡើងថា “គម្រោងនៅខេត្តក្រចេះគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២៤ខែ នេះបើយោងតាមកិច្ចសន្យារបស់យើង។ បើផ្អែកតាមកាលវិភាគសាងសង់ យើងនឹងប្រគល់ស្ថានីយ និងខ្សែបញ្ជូននៅខែវិច្ឆិកា។ យើងគ្រោងនឹងប្រគល់នៅថ្ងៃទី២៥ ខែតុលា ផ្អែកតាមវឌ្ឍនភាពនៅការដ្ឋានសាងសង់ ដូច្នេះការប្រគល់គឺមុនកាលបរិច្ឆេទកំណត់រយៈពេល១ខែ ព្រោះរោងចក្រថាមពលអគ្គិសនី – រោងចក្រទំនប់វារីអគ្គិសនីសេសានក្រោម២ – នឹងត្រូវដាក់ឱ្យដំណើរការនៅខែធ្នូ ឆ្នាំនេះ។ ដូច្នេះការកំណត់ពេលវេលាគឺល្អណាស់ យើងមានស្ថានីយ៍ និងខ្សែបញ្ជូននៅនឹងកន្លែងរួចរាល់ រង់ចាំតែដាក់ឲ្យដំណើរការ ហើយថាមពលអាចចាប់ផ្តើមមាន និងបញ្ជូន។”
លោក Chong បានមានប្រសាសន៍ថា ផ្អែកតាមទិន្នន័យក្នុងផែនការអភិវឌ្ឍន៍ថាមពលរបស់កម្ពុជា នៅពេលដែលគម្រោងនេះបញ្ចប់ កម្ពុជានឹងមានសមត្ថភាពថាមពល ៤០០មេហ្គាវ៉ាត់បន្ថែមទៀតភ្ជាប់ទៅកាន់រាជធានីរបស់ខ្លួន ហើយវានឹងជួយប្រទេសកម្ពុជាក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលពីប្រទេសជិតខាង។
លោក Chong ក៏បានមានប្រសាសន៍ថា “គម្រោងនេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះរោងចក្រថាមពលនេះនឹងផ្តល់ថាមពលអគ្គិសនី ៤០០មេហ្គាវ៉ាត់ដើម្បីបង្កើនសមត្ថភាពថាមពលបច្ចុប្បន្នដែលផ្តល់ដោយ EDC ពី២,២០០មេហ្កាវ៉ាត់ ទៅ ២,៦០០មេហ្គាវ៉ាត់។ នោះមានន័យថា EDC មិនចាំបាច់ពឹងផ្អែកលើប្រទេសជិតខាងដើម្បីនាំចូលថាមពលអគ្គិសនីនោះទេ។ តាមស្ថិតដែលខ្ញុំបានដឹង បច្ចុប្បន្ន EDC នាំចូលថាមពលអគ្គិសនីជិត ១,៧០០មេហ្កាវ៉ាត់ពីប្រទេសវៀតណាម ៥៨០មេហ្កាវ៉ាត់ពីប្រទេសថៃ និងប្រហែល ១០មេហ្កាវ៉ាត់ពីប្រទេសឡាវ។ រោងចក្រទំនប់វារីអគ្គិសនីសេសានក្រោម២តែមួយអាចផលិតថាមពលអគ្គិសនី ៤០០មេហ្គាវ៉ាត់ ដូច្នេះប្រទេសកម្ពុជាស្ទើរតែអាចបញ្ឈប់ការនាំចូលថាមពលអគ្គិសនីពីប្រទេសថៃបាន។”
ខណៈពេលដែលគម្រោងបច្ចុប្បន្នជិតបញ្ចប់ លោក Chong បានបង្ហាញថា ក្រុមហ៊ុនរបស់លោកកំពុងតែចរចាជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីស្វែងរកកិច្ចព្រមព្រៀង BOT ថ្មីមួយជា EDC និងសាងសង់ស្ថានីយ៍ផ្សេងទៀត និងខ្សែបញ្ជូនដែលតភ្ជាប់ជាមួយបណ្តាខេត្តផ្សេងទៀត។
ក្រុមហ៊ុន Pestech មិនមែនវិនិយោគតែលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីប៉ុណ្ណោះទេប៉ុន្តែបានងាកទៅរកការធ្វើពិពិធកម្មនៅក្នុងអាជីវកម្មថាមពលនៅកម្ពុជា បន្ទាប់ពីមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជានាប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Chong បានលើកឡើងថា “ផែនការមួយទៀតគឺបង្កើតរោងចក្រដើម្បីដំឡើងម៉ាស៊ីនបម្លែងថាមពល។ យើងត្រូវបានលើកទឹកចិត្តដោយ EDC ឲ្យសាងសង់រោងចក្រនេះដើម្បីចូលរួមចំណែកដល់សង្គម។ ដោយសារតែមានឱកាសជាច្រើនសម្រាប់ឧស្សាហកម្មនៅកម្ពុជា EDC លើកទឹកចិត្តយើងឲ្យធ្វើកិច្ចការនេះដើម្បីកសាងជំនាញផលិតកម្មទាក់ទងនឹងការបម្លែងថាមពល។ ខ្ញុំមានន័យថា វាជាការល្អខ្លាំងណាស់ក្នុងការលើកកម្ពស់ឧស្សាហកម្មក្នុងវិស័យថាមពល។”
ប្រទេសកម្ពុជារំពឹងថានឹងពង្រីកប្រភពថាមពលរបស់ខ្លួន ហើយត្រូវការនូវការវិនិយោគលើស្ថានីយ៍ផ្ទុកថាមពល និងខ្សែបញ្ជូនជាច្រើន ដើម្បីឆ្លើយតបនឹងតាមគោលដៅរបស់ខ្លួនដូចមានចែងនៅក្នុងផែនការអភិវឌ្ឍន៍ថាមពល ២០០៨-២០២១។
បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជា មានគ្រួសារកម្ពុជាតែ ២២.៤៧ភាគរយប៉ុណ្ណោះដែលមានអគ្គិសនីប្រើប្រាស់ ហើយជាង ៥០ភាគរយនៃអ្នកប្រើប្រាស់អគ្គិសនីគឺនៅក្នុងតំបន់ប្រជុំជន។ រាជរដ្ឋាភិបាលរំពឹងថានឹងផ្តល់អគ្គិសនីដល់ភូមិទាំងអស់នៅទូទាំងប្រទេសនៅឆ្នាំ ២០២០ និង ៧០ភាគរយនៃគ្រួសារជនបទទាំងអស់នៅឆ្នាំ ២០៣០។

