Phnom Penh Municipality Diary: March- April 2017

ស្ពានឆ្លងផ្លូវសម្រាប់ថ្មើរជើងជម្ពូវ័ន្តបើកដំណើរការ (ថ្ងៃទី ២១ ខែមីនា)
បន្ទាប់ពីប្រើរយៈពេលបីខែនៃការសាងសង់ ស្ពានឆ្លងផ្លូវសម្រាប់ថ្មើរជើងដំបូងគេដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ខាងមុខវិទ្យាល័យជម្ពូវ័ន្ត បានបើកឲ្យសាធារណជនដែលភាគច្រើនជាសិស្សដើម្បីប្រើប្រាស់។ ស្ពាននេះនឹងលុបបំបាត់ការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅផ្លូវជាតិលេខ ៤ ជិតផ្សារជម្ពូវ័ន្ត ហើយអ្វីដែលសំខាន់នោះគឺការការពារអ្នកថ្មើរជើងពីគ្រោះថ្នាក់។

សេវារថយន្តក្រុងសាធារណៈនឹងប្រើប្រាស់ការបង់ប្រាក់តាមអេឡិចត្រូនិច e-pay (ថ្ងៃទី ២៩ ខែមីនា)
កិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់រវាងអាជ្ញាធររថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ និងធនាគារឯកទេសវីង នឹងផ្លាស់ប្តូរការទូទាត់សម្រាប់សេវារថយន្តក្រុងសាធារណៈមកតាមប្រព័ន្ធអេឡិចត្រូនិចវិញ។ ជាមួយនឹងវិធីសាស្ត្រទូទាត់ថ្មី មានការរំពឹងថាអ្នកធ្វើដំណើរកាន់តែច្រើនឡើងនឹងពឹងផ្អែកលើសេវារថយន្ដក្រុងសាធារណៈសម្រាប់ការធ្វើដំណើរជារៀងរាល់ថ្ងៃ ព្រោះថាវាមានតម្លៃថោកជាងមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន។

ច្បារអំពៅទទួលបានផ្លូវថ្មីជាមួយនឹងប្រព័ន្ធបង្ហូរទឹកនៅខាងក្រោម (ថ្ងៃទី ៣១ ខែមីនា)
ប្រឡាយពោរពេញដោយសំរាម គុម្ពោតព្រៃ និងបាក់តេរីដែលត្រូវបានគេបោះបង់ចោលនៅខណ្ឌច្បារអំពៅនោះ ត្រូវបានផ្លាស់ប្តូរជាផ្លូវបេតុងបំពាក់ដោយបង្គោលចង្កៀងបំភ្លឺ និងប្រព័ន្ធបង្ហូរទឹកនៅខាងក្រោម។ សម្រាប់ការអភិវឌ្ឍន៍ដំណាក់កាលដំបូង ប្រឡាយព្រែកបារាំងត្រូវបានផ្លាស់ប្តូរជាផ្លូវបេតុងទទឹង ១៦ម៉ែត្រ និងប្រវែង ៩១៦ម៉ែត្រ តភ្ជាប់ពីផ្លូវ ៣៦៩ តាមបណ្តោយទន្លេ ទៅកាន់តំបន់ប្រាជុំវង់។ សម្រាប់ដំណាក់កាលទី ២ ការសាងសង់នឹងបន្តជាមួយនឹងផ្លូវប្រវែង ៣៥១ម៉ែត្រ ពីប្រាជុំវង់ទៅសាលាគុយបា។ ប្រព័ន្ធបង្ហូរទឹក ១០០ម៉ែត្រ បានសាងសង់រួចហើយនៅសល់ប្រវែង ២០០ម៉ែត្រទៀត។ ផ្លូវនេះត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់យ៉ាងពេញលេញនៅចុងខែមេសា។

ការតភ្ជាប់ទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ (ថ្ងៃទី១១ ខែមេសា)
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ពីទីក្រុងហូជីមិញមកកាន់រាជធានីភ្នំពេញ បានបើកនូវឱកាសសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់គ្រងទីក្រុងរវាងទីក្រុងទាំងពីរ។ អភិបាលរងលោក Huynh Cach Mang តំណាងទីក្រុងហូជីមិញ បានពិភាក្សាពីការធ្វើផែនការទីក្រុង និងបញ្ហាទីក្រុងជាមួយឯកឧត្តម ប៉ា សុជាតិវង្ស។ លោកក៏បានអញ្ជើញអភិបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញផងដែរ។

ការរៀបចំសណ្តាប់ធ្នាប់ផ្សារច្បារអំពៅ (ថ្ងៃទី១២ ខែមេសា)
ក្រុមមន្ត្រីកំពុងធ្វើការរៀបចំសណ្តាប់ធ្នាប់ផ្សារច្បារអំពៅដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ដើម្បីបង្កើនជីវភាពរស់នៅរបស់អ្នកលក់ និងអ្នកទិញ។ ការងារចម្បងគឺការពង្រីកច្រកផ្លូវសម្រាប់អ្នកទិញ ដើរ រៀបចំកន្លែងលក់ ដើម្បីលើកកំពស់អនាម័យ និងការដំឡើងធុងសំរាមបន្ថែមទៀត។ លោកអភិបាលក៏បានប្រាប់ដល់ប្រតិបត្តិករផ្សារសាធារណៈទាំងអស់ធ្វើឲ្យប្រសើរឡើងនូវអនាម័យ និងកន្លែងលក់នៅក្នុងផ្សាររបស់ខ្លួនរៀងៗខ្លួន។

អំពូលភ្លើង Sodium ត្រូវបានផ្លាស់ប្តូរជាអំពូលភ្លើង LED (ថ្ងៃទី១៥ ខែមេសា)
ដើម្បីបង្កើនសម្រស់ទីក្រុងនៅពេលរាត្រី និងបង្កើនភាពបៃតង សាលារាជធានីភ្នំពេញកំពុងតែផ្លាស់ប្តូរអំពូលភ្លើង Sodium នៅក្នុងបង្គោលចង្កៀង មកដាក់អំពូលភ្លើង LED វិញ។ កិច្ចការនេះកំពុងត្រូវបានធ្វើដោយផ្តល់អាទិភាពចំពោះតំបន់សួនច្បារវត្តបុទុម សួនច្បារសម្តេច ហ៊ុន សែន សួនច្បារអរិយក្សត្រ សួនច្បារចេនឡា សួនច្បារ DN សួនច្បារក្រម ង៉ុយ សួនច្បារសាន់វេ និងសួនច្បារព្រហ្មបាយ័ន។
មកដល់ពេលនេះ សាលារាជធានីភ្នំពេញបានតម្លើងបង្គោលអំពូលភ្លើងLED ចំនួន ៤.៦០០ នៅតាមផ្លូវបន្ថែមលើបង្គោលអំពូលភ្លើង LED ជាង ១០.០០០ នៅទូទាំងទីក្រុងដែលបានកំណត់ក្នុងផែនការមេ។

ការរំដោះទឹកជំនន់ពីតំបន់តាមបណ្តោយផ្លូវជាតិលេខ ១ (ថ្ងៃទី ២៥ ខែមេសា)
ការពិភាក្សាបានចាប់ផ្តើមដើម្បីធ្វើសេចក្តីព្រាងផែនការមេ ដើម្បីរំដោះទឹកជំនន់ពីតំបន់តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ រួមមានតំបន់និរោធ តំបន់ព្រែកប្រា និងតំបន់វាលស្បូវ។ គំនិតផ្តួចផ្តើមដំបូងគឺ ការសាងសង់ប្រឡាយ ការតម្លើងស្ថានីយបូមទឹក និងការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់។

ស្ថានីយបូមទឹកទួលគោក ត្រឡោកបែកទី ២ នឹងបើកដំណើរការនៅខែឧសភា (ថ្ងៃទី២៦ ខែមេសា)
ស្ថានីយបូមទឹកទួលគោក ត្រឡោកបែកទី២ គ្រោងនឹងបើកសម្រាប់ការបូមទឹកជំនន់ចេញពីរាជធានីនៅខែឧសភានេះ។ បន្ទាប់ពីបញ្ចប់ការសាងសង់ ស្ថានីយបូមទឹកនេះនឹងមានសមត្ថភាពបូមបានប្រាំម៉ែត្រគូបក្នុងមួយវិនាទី កើនឡើង ៣០០ភាគរយ ធៀបទៅនឹងស្ថានីយចាស់។ ស្ថានីយនេះនឹងធានាថាតំបន់ដែលនៅជុំវិញវិទ្យាល័យឥន្ទ្រទេវី ផ្សារមាន់អាំង ផ្លូវ ៥៩២ ៣១៧ ៣១៣ ៦០៨ និង ៣៣៧ ដែលស្ថិតនៅសង្កាត់បឹងកក់២ នឹងមិនទទួលការលិចលង់នោះទេ ។

ការបង្កើនការគ្រប់គ្រងទេសភាពបៃតង (ថ្ងៃទី ២៦ ខែមេសា)
ដើមឈើ និងសួនច្បារនៅទូទាំងទីក្រុង ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសម្រស់ទីក្រុង និងផ្តល់ផាសុកភាពដល់ប្រជាពលរដ្ឋ។ ថ្មីៗនេះសាលារាជធានីភ្នំពេញដាក់ចេញនូវកិច្ចប្រជុំមួយដើម្បីជូនដំណឹងដល់មន្ទីរសាធារណៈការរាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជនដែលទទួលបន្ទុកក្នុងការគ្រប់គ្រងដើមឈើ និងសួនច្បារឲ្យបង្កើនសេវារបស់ខ្លួនសម្រាប់ដើមឈើ ៤២.០០០ ដើមនៅទូទាំងរាជធានី។

ការធ្វើទំនើបកម្មរង្វង់មូលស្ពានជ្រោយចង្វារ
ផែនការមេដ៏ស្រស់ស្អាតមួយកំពុងត្រូវបានអនុម័តសម្រាប់រង្វង់មូលរាងត្រីកោណដែលស្ថិតនៅខាងលិចស្ពានជ្រោយចង្វារ។ ក្រោយពេលបញ្ចប់ការសាងសង់រង្វង់មូលនេះនឹងទទួលស្វាគមន៍ប្រជាពលរដ្ឋសម្រាប់ការសម្រាកលំហែបន្ធូរអារម្មណ៍ និងការធ្វើលំហាត់ប្រាណ ព្រមទាំងជួយបង្កើនសម្រស់ទីក្រុងផងដែរ។
- Video Advertisement -