PPSEZ CEOថា៖ បើប្រើឌីជីថលក្នុងប្រព័ន្ធពន្ធគយ កម្ពុជាអាចកាត់អំពើពុករលួយលើថ្លៃដឹកជញ្ជូនបាន៣០% និងបើដូណាល់ត្រាំឈ្នះ កម្ពុជានឹងក្លាយជាគោលដៅ…
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលជាសួនឧស្សាហកម្មដ៏សំខាន់ក្នុងប្រទេសកម្ពុជា កំពុងធ្វើពិពិធកម្មមូលដ្ឋានអ្នកជួលរបស់ខ្លួន ដើម្បីទាក់ទាញក្រុមហ៊ុនឱ្យកាន់តែច្រើនពីប្រទេសថៃ និងវៀតណាម ចំពេលមានការផ្លាស់ប្តូរនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ តំបន់សេដ្ឋកិច្ចពិសេសនេះ លាតសន្ធឹងលើផ្ទៃដីទំហំជាង ៣,៥៧ គីឡូម៉ែត្រការ៉េនិងមានអ្នកជួល (រោងចក្រវិនិយោគ) ចំនួនជាង ៩០ រោងចក្រ មកពី ១៥ ប្រទេស បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ កំពុងមានមហិច្ឆតាចង់ដើរតួនាទីជាខ្សែច្រវាក់ផ្គត់ផ្គង់បំពេញបន្ថែមរបស់ប្រទេសថៃដែលកំពុងត្រៀមខ្លួនស្រូបយកបន្ទេរខ្សែច្រវាក់ផ្គត់ផ្គង់បន្តពីប្រទេសចិន ព្រមជាមួយនឹងមហិច្ឆតាជំរុញការផ្ទេរផលិតកម្មពីប្រទេសវៀតណាមផងដែរ នេះបើយោងតាមសារព័ត៌មាន Nikkei Asia ចុះផ្សាយនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤។
បច្ចុប្បន្នក្រុមហ៊ុនជប៉ុន និងចិនមានពីរភាគបីនៃចំនួនអ្នកជួល (រោងចក្រវិនិយោគ)សរុបរបស់ PPSEZ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Royal Group ដែលជាប្រតិបត្តិករនៃតំបន់ PPSEZ កំពុងកំណត់គោលដៅទាក់ទាញយកក្រុមហ៊ុនថៃ និងវៀតណាមមកវិនយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះបន្ថែមទៀត ដោយប្រើប្រាស់យុទ្ធសាស្ត្រ “ថៃបូកមួយ” ។ លោក Hiroshi Uematsu នាយកប្រតិបត្តិនៃក្រុមហ៊ុន Royal Group PPSEZ បាននិយាយថា “បើនិយាយតាមភូមិសាស្រ្ត ទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសយើងនេះ ងាយស្រួលក្នុងការដើរតួបំពេញបន្ថែមខ្សែច្រវាក់ផ្គត់ផ្គង់របស់ប្រទេសថៃ”។
បើគិតពីរយៈចម្ងាយប្រមាណត្រឹមតែ ៥៤០ គីឡូម៉ែត្រពីទីក្រុងបាងកក តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ គឺស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រសម្រាប់អាជីវកម្ម ឬ ក្រុមហ៊ុនវិនិយោគថៃណាដែលកំពុងស្វែងរកការធ្វើពិពិធកម្មពីប្រទេសថៃទៅក្រៅប្រទសខ្លួន។ លើសពីនេះ ស្ថានភាពដែលស្ថិតនៅជិតរាជធានីភ្នំពេញដែលនៅជាប់នឹងទីក្រុងហូជីមិញ និងខេត្តដុងណៃ នៃប្រទេសវៀតណាម ធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះកាន់តែមានអំណោយផលវិនិយោគបន្ថែមទៀតសម្រាប់ការផ្ទេរផលិតកម្មពីវៀតណាម។
បរិយាកាសភូមិសាស្ត្រនយោបាយក៏មានឥទ្ធិពលលើយុទ្ធសាស្ត្រនេះដែរ។ លោក Hiroshi បានបន្ថែមថា “ប្រសិនបើលោក Donald Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកានេះ នោះជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអាចនឹងឡើងកម្តៅជាងមុន ហើយកម្ពុជានឹងទាក់ទាញបាននូវការយកចិត្តទុកដាក់កាន់តែច្រើនជាងមុន នឹងក្លាយជាគោលដៅផ្លាស់ប្តូរទីតាំងផលិតកម្មនៃសង្គ្រាមពាណិជ្ជកម្មនេះ” ។
ម្យ៉ាងទៀត បើទោះបីជាមានការរិះគន់ពីលោកខាងលិចខ្លះៗក៏ដោយ ក៏ស្ថិរភាពនយោបាយរបស់កម្ពុជា នៅតែជាកត្តាមួយដែលបានបន្ថែមភាពទាក់ទាញរបស់ខ្លួនជាគោលដៅវិនិយោគពីបរទេស។ ជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ PPSEZ បានវិវឌ្ឍខ្លួនគួរឱ្យកត់សម្គាល់ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ជាមួយនឹងក្រុមហ៊ុន Marvel Garment របស់ប្រទេសចិន (រោងចក្រម៉ាវ៉ល) ដែលបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០២០ ដែលពេលនេះបានក្លាយជារោងចក្រជួលដីធំបំផុតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។ រោងចក្រ Marvel Garment កាន់កាប់ផ្ទៃដីទំហំ ៥០ហិកតា មានបុគ្គលិកកម្មករចំនួន ១៧.០០០នាក់ និងនាំចេញផលិតផលសម្រាប់ម៉ាកដូចជា Nike និង Polo ដែលភាគច្រើននាំចេញទៅកាន់សហរដ្ឋអាមេរិក។
កម្ពុជាក៏ព្យាយាមទាក់ទាញការវិនិយោគរបស់ជប៉ុនបន្ថែមទៀតដើម្បីរក្សាតុល្យភាពការពឹងផ្អែកផ្នែកសេដ្ឋកិច្ចរបស់ខ្លួនលើប្រទេសចិនផងដែរ។ លោក Hiroshi បានពន្យល់ថា “ទោះជាយ៉ាងណាក៏ដោយ ដោយសារប្រាក់យ៉េនរបស់ជប៉ុនទន់ខ្សោយធៀបនឹងប្រាក់ដុល្លារដែលជាការណ៍បង្កបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុនជប៉ុនដែលចង់ចូលមករកស៊ីក្នុងទីផ្សារកម្ពុជា។”
ការដោះស្រាយការចំណាយលើពស្តុភារគឺមានសារៈសំខាន់សម្រាប់យុទ្ធសាស្ត្ររបស់ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីទាក់ទាញអាជីវកម្ម ឬរោងចក្រវិនិយោគឱ្យបានកាន់តែច្រើន។ លោកនាយកប្រតិបត្តិ Hiroshi បានបង្ហាញថា ឧទ្យានឧស្សាហកម្មនេះ បានចាត់តាំងបុគ្គលិកជំនាញចំនួន ៥ រូប ដែលត្រូវបានបញ្ជាក់ជាអ្នករត់ការគយមានការទទួលស្គាល់ផ្លូវការច្បាស់លាស់ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣មក ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។
“ក្នុងករណីខ្លះ វិធានការនេះអាចកាត់បន្ថយថ្លៃដឹកជញ្ជូនក្នុងប្រទេសកម្ពុជារហូតដល់ជិត ពាក់កណ្តាល។ ប្រសិនបើអំពើពុករលួយត្រូវបានលុបបំបាត់ តាមរយៈការធ្វើឌីជីថលូបនីយកម្មនីតិវិធីគយទាំងស្រុងតែម្តងនោះ ខ្ញុំជឿថាវាអាចទៅរួចក្នុងការបញ្ចុះថ្លៃដឹកជញ្ជូនសរុប [ពីប្រទេសជិតខាងយើង] បានរហូតដល់ទៅ ៣០%ឯណោះ” លោក Hiroshi បញ្ជាក់៕
- Video Advertisement -