Rinnai នាំមកនូវដំណោះស្រាយបច្ចេកវិទ្យាកម្តៅទឹកថ្មីដល់កម្ពុជា
បន្ទាប់ពីសិក្ខាសាលាបង្ហាញប្រព័ន្ធទឹកក្តៅរបស់ខ្លួនទៅកាន់ទីផ្សារនៅខេត្តសៀមរាប កាលពីខែកក្កដាឆ្នាំនេះ Rinnai ឥឡូវនេះកំពុងណែនាំពីឧបករណ៍ប្រព័ន្ធទឹកក្តៅថ្មី Electric Instant Water Heater –the Crystal Series។
ផលិតផលដែលបានធ្វើបច្ចុប្បន្នភាពថ្មីមានច្រើនពណ៌ខុសៗគ្នា ជាមួយនឹងការរចនាដ៏ស្រស់ស្អាត និងឆើតឆាយ។ ឧបករណ៍ប្រព័ន្ធទឹកក្តៅ Rinnai Crystal Series ត្រូវបានរចនាឡើងមានលក្ខណៈប្លែកពីគេដើម្បីផ្តល់នូវភាពសប្បាយរីករាយគ្រប់ពេលងូតទឹក។

លោកស្រី គីមស្រុន អេលីដា ដៃគូគ្រប់គ្រង Camcona បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា ឧបករណ៍ប្រព័ន្ធទឹកក្តៅថ្មី Electric Instant Water Heater –the Crystal Series នេះមានតម្លៃប្រកួតប្រជែង និងត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការអតិថិជនក្នុងការរស់នៅប្រកបដោយផាសុកភាព និងភាពរីករាយនឹងបច្ចេកវិទ្យា និងគុណភាពរបស់ជប៉ុន។
ចាប់តាំងពីកើតឡើងនៅឆ្នាំ ១៩២០ មក ផលិតផលបរិក្ខារផ្ទះម៉ាកជប៉ុននេះបានពង្រីករោងចក្រ និងសាខាចំនួន១៩ ទីតាំង នៅក្នុងពិភពលោក ព្រមទាំងមានបណ្តាញចែកចាយនៅក្នុងទីផ្សារជាច្រើនពាសពេញពិភពលោក។ Rinnai ដែលមានអាយុកាលជិត១០០ឆ្នាំនេះ នៅតែបន្តផ្តោតទៅលើការអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់លើបច្ចេកវិទ្យាកាន់តែទំនើបឡើងៗ និងផ្តល់នូវដំណោះស្រាយទឹកក្តៅគ្រប់ប្រភេទដូចជា ប្រើថាមពលអគ្គិសនី ហ្គាស និង ពន្លឺព្រះអាទិត្យ ដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជន។ សម្រាប់ឧបករណ៍ទឹកក្តៅ Rinnai ស្ថិតនៅចំណាត់ថ្នាក់លេខ១ នៅក្នុងទីផ្សាដូចជា សហរដ្ឋអាមេរិក អូស្រ្តាលី នូវែលសេឡង់ ប្រេស៊ីល និងកូរ៉េខាងត្បូង បន្ថែមលើទីផ្សារក្នុងស្រុកជប៉ុន។

ម៉ាកផលិតផលនេះមានវត្តមាននៅក្នុងព្រះរាជាណាចក្រតាំងពីឆ្នាំ ២០១៤ តាមរយៈក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយ Camcona Trading (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ផលិតផលម៉ាកល្បីៗនៅលើពិភពលោកសម្រាប់ទីផ្សារអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេសកម្ពុជា។ យោងតាមលោកស្រី អេលីដា បានឲ្យដឹងថា “ទោះបីជា Rinnai ទើបមានវត្តមាននៅទីនេះបានរយៈពេល៤ឆ្នាំ តែម៉ាកផលិតផលនេះត្រូវបានទទួលស្គាល់ និងជឿទុកចិត្តដោយអ្នកប្រើប្រាស់ជាច្រើន ដោយសារតែគុណភាព សុវត្ថិភាព និងបច្ចេកវិទ្យាច្នៃប្រឌិតរួមជាមួយនឹងប្រព័ន្ធត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន”។ “ក្រុមហ៊ុនសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ចំពោះការគាំទ្រ ហើយក្រុមហ៊ុនប្តេជ្ញានឹងផ្តល់សេវាកម្មដ៏ល្អជូនដល់អតិថិជន”។

ក្រៅពីឧបករណ៍ Rinnai ក្រុមហ៊ុន Camcona Trading Cambodia Co., Ltd ក៏ចែកចាយនូវផលិតផលម៉ាកល្បីផ្សេងទៀតដែរដូចជា LIGMAN Lighting, គ្រឿងម៉ាស៊ីនសាងសង់និងម៉ាស៊ីនបូក IMER, កម្រាលលោហធាតុសំប៉ែត PERGO, ឧបករណ៍អគ្គិសនី HILTI និងប្រព័ន្ធតភ្ជាប់។

