SCG បង្ហាញពីបច្ចេកវិទ្យាសំណង់ចុងក្រោយរបស់ខ្លួនក្នុងពិព័រណ៍ Architect Expo’ 18
ក្រុមហ៊ុនអេសស៊ីជី (SCG) បានបង្ហាញនូវការច្នៃប្រឌិតថ្មីនៃបរិក្ខារ និងបច្ចេកវិទ្យាសំណង់ទៅកាន់បណ្តាប្រទេសអាស៊ាននៅឯពិព័រណ៍ Architect Expo’ 18 ដែលប្រព្រឹត្តទៅចន្លោះពីថ្ងៃទី ១ ដល់ទី ៦ ខែឧសភានៅទីក្រុងបាងកក ប្រទេសថៃ។
ការតាំងបង្ហាញនេះធ្វើឡើងក្រោមទស្សនទាន “ប្ដេជ្ញាចិត្តដើម្បីជីវិតកាន់តែប្រសើរ” ក្នុងគោលបំណងដើម្បីកសាងនូវលំនៅដ្ឋានអោយកាន់តែប្រសើរ មានភាពងាយស្រួល និងមានសុវត្ថិភាពជាងមុន។ បច្ចេកវិទ្យាសំខាន់ៗនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ក្នុងឆ្នាំនេះរួមមានការច្នៃប្រឌិតថ្មីសម្រាប់ភាពត្រជាក់នៅក្នុងលំនៅដ្ឋាន (Cool Home Innovations) ប្រព័ន្ធច្នៃប្រឌិតនៃការងារប្រក់ដំបូល (Innovative Roofing System) ឈុតផលិតផល SKIVE និងជាពិសេសដំណោះស្រាយថែទាំមនុស្សចាស់ជរា (Eldercare Solution) ដែលមានជាមនុស្សយន្តឈ្មោះថា “Dinsaw Mini” ដើម្បីជួយថែទាំមនុស្សចាស់ជរាដែលនៅផ្ទះម្នាក់ឯង។
បើយោងតាមប្រសាសន៍របស់ លោក អនុវ៉ាត់ ឆាលើមឆៃ (Anuvat Chalermchai) នាយកផ្នែកម៉ាកយីហោ និងទំនាក់ទំនង ក្នុងផ្នែកស៊ីម៉ងត៍-បរិក្ខារសាងសង់របស់SCG បច្ចុប្បន្នបច្ចេកវិទ្យាទាំងនេះបានដាក់អោយប្រើប្រាស់នៅក្នុងប្រទេសថៃរួចជាស្រេច ប៉ុន្តែចំពោះប្រទេសក្នុងអាស៊ាន SCG កំពុងសិក្សាពីទីផ្សារហើយគ្រោងនឹងដាក់អោយប្រើប្រាស់ក្នុងពេលឆាប់នេះ។
ដោយឡែកសម្រាប់ប្រទេសកម្ពុជា កាលពីថ្មីៗនេះ SCG ទើបនឹងនាំចូលនូវបច្ចេកវិទ្យាប្រព័ន្ធបេតុងចាក់ពុម្ពស្រាប់ (Pre Cast Concrete and K Cement Super Plastering) និងប្រក់ដំបូល(SCG Roofing) ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនិងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា។ ប្រព័ន្ធបេតុងចាក់ពុម្ពស្រាប់ (Pre Cast Concrete and K Cement Super Plastering) នេះអាចជួយកាត់បន្ថយពេលសាងសង់ បានរហូតដល់ទៅ ៣ ខែ។
លោក អនុវ៉ាត់ បានបន្តថា ក្រុមហ៊ុន SCG នឹងបន្តពង្រីកទីផ្សារនិងមកចូលនូវភាពច្នៃប្រឌិតថ្មីមកកាន់ប្រទេសកម្ពុជាដើម្បីជួយសម្រួលនិងលើកកំពស់សក្តានុពលខ្ពស់វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា។


Mr. Anuvat Chalermchai, Brand Management and Communication Director, SCG Cement – Building Materials.

Dinsaw Mini Robot


- Video Advertisement -