Smart City របស់ក្រុមហ៊ុនកូរ៉េនៅខេត្តព្រះសីហនុ
រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងអភិវឌ្ឍទីក្រុង Smart City ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅ ខេត្តព្រះសីហនុ បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយ រដ្ឋាភិបាលកម្ពុជាកាលពីខែ សីហា។
គម្រោង Smart City គឺជាផ្នែកមួយនៃអនុស្សរណៈនៃ កិច្ចព្រមព្រៀងដែលបាន ចុះហត្ថលេខា រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) របស់កម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន របស់កូរ៉េ នៅពេលដែលគណៈប្រតិភូរបស់ ក្រសួង MLMUPC បានបំពេញ ដំណើរទស្សនកិច្ចពីរថ្ងៃទៅកាន់ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ កាលពីថ្ងៃទី 15-17 ខែ សីហា ឆ្នាំ 2016 ដើម្បីសិក្សាពីការធ្វើ ផែនការនគរូបនីយកម្ម សម័យទំនើបនៅទីនោះ ។
នៅពេលត្រឡប់មកវិញ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសពីចំណុច នានានៃកិច្ចព្រមព្រៀងនៅលើទំព័រ Facebook របស់លោក ដែលទាក់ទងទៅនឹងផែការប្រើប្រាស់ដីធ្លី ការសិក្សាពីនគរូបនីយកម្ម តាមបច្ចេកវិទ្យាខ្ពស់ ធ្វើសេចក្តី ព្រាងការគ្រប់គ្រងដីធ្លី ច្បាប់នគរូបនីយកម្ម ព្រមទាំងការសាងសង់លំនៅដ្ឋានសាធារណៈ។
ផែនការទីក្រុង Smart City នឹងរួមបញ្ចូលនូវទីកន្លែង បរិក្ខារ និងប្រព័ន្ធបរិស្ថានសំខាន់ៗ ទាំងអស់ជាមួយ និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ដើម្បីបង្កើតជាសហគមន៍ដែលមាន ប្រសិទ្ធិភាពខ្ពស់។ លោករដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន របស់កូរ៉េខាងត្បូង បានថ្លែងថា “បទពិសោធរបស់កូរ៉េខាងត្បូង ក្នុងការប្រើប្រាស់ប្រព័ន្ធ ICT ដើម្បីដោះស្រាយបញ្ហារបស់ ទីក្រុងនឹងជួយ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការដោះស្រាយ ការអភិវឌ្ឍដែលមិនបានប្រុងប្រយ័ត្ននៅជិត ខេត្តព្រះសីហនុ” នេះបើយោងតាមការ Korea Herald ។
ឯកឧត្តម ជា សុផារ៉ា បានចង្អុលបង្ហាញថា Smart City ផ្សេងទៀតនឹងត្រូវបានសាងសង់ឡើង ។អនុស្សរណៈនេះនឹងមានអានុភា ពសម្រាប់រយៈពេលបីឆ្នាំ ហើយការអនុវត្តនេះនឹង ចាប់ផ្តើមនៅខេត្ត ព្រះសីហនុ។ គម្រោងនេះនឹង បន្តទៅកាន់រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង កំពង់ចាម និងខេត្តត្បូង នេះបើតាមភ្នំពេញប៉ុស្តិ៍ ។
កិច្ចព្រមព្រៀងនេះក៏បានលើកឡើងពី ការផ្តល់ជំនួយបច្ចេកទេសពីសំណាក់ សាធារណរដ្ឋកូរ៉េ នៅក្នុងរដ្ឋបាលគ្រប់គ្រងលំនៅឋាន ការអភិវឌ្ឍទីក្រុង និងលំនៅដ្ឋានសាធារណៈ ព្រមទាំងការ គាំទ្រសម្រាប់ គម្រោងសាងសង់លំនៅដ្ឋានសាធារណៈនៅក្នុង រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ ក៏មានការរំពឹងថា គណៈប្រតិភូកម្ពុជាមួយក្រុម នឹងទៅធ្វើទស្សនកិច្ច Smart Cities របស់កូរ៉េដើម្បី សិក្សាស្វែងយល់ពី Smart City នេះ ។
យ៉ាងណាក៏ដោយ មិនមានការប៉ាន់ស្មានពីការចំណាយ និង រយៈពេលដែលទាក់ទងទៅនឹង កិច្ចព្រមព្រៀងនេះ ត្រូវបានចេញផ្សាយនៅឡើយទេ ។

